(សៀមរាប)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយថ្ងៃពេញរបស់ថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងការអញ្ជើញមកដល់របស់រដ្ឋមន្ត្រីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

ក្រសួងការងារកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះ បានរៀបចំពិធីពិសាអាហារស្វាគមន៍ (Welcome Dinner) សម្រាប់គណៈប្រតិភូ នារាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារអប្សរាផាឡេស។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រធាន និងសមាជិកគណៈប្រតិភូនៃក្រសួងទទួលបន្ទុកវិស័យការងារ រួមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម»។

លោក អ៉ិត សំហេង បានលើកឡើងថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំកម្មវិធីពិសាអាហារស្វាគមន៍ (Welcome Dinner) ប្រកបដោយមហាកិត្តិយសជូនដល់រដ្ឋមន្រ្តីការងារ ក៏ដូចជាគណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ នៅក្នុងឱកាសដែលកម្ពុជាកំពុងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣នេះ»។

នេះគឺជាលើកទី៣ហើយ ដែលរដ្ឋមន្រ្តីការងារនៃប្រទេសទាំង៥ បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកយន្តការរួមក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍ ជាពិសេសការធ្វើចល័តភាពនៃរបបសន្តិសុខសង្គម ដែលជាគោលដៅរួមគ្នា ដែលត្រូវសម្រេចឱ្យបាននាពេលអនាគត។ ពិសេសទៅទៀត កិច្ចប្រជុំលើកនេះនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក៏ដូចជាចំណងមិត្តភាពនៃប្រទេស និងប្រជាជនរបស់យើងឲ្យកាន់តែរឹងមាំមួយកម្រិតទៀត។

នារាត្រីដ៏សែនមនោរម្យនេះ លោក អ៉ិត សំហេង បានបន្តថា «កម្មវិធីពិសាអាហារនាពេលនេះ ជាកម្មវិធីនៃការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង៥ ដែលសុទ្ធសឹងជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍»។

លោកសង្ឃឹមថា ភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវអារម្មណ៍រីករាយ អនុស្សាវរីយ៍ល្អៗ និងមិនអាចបំភ្លេចបានអំពីកម្ពុជា ជាពិសេសទឹកដីអង្គរខេត្តសៀមរាបដ៏បវរនេះ៕

Advertising