(សៀមរាប)៖ បច្ចុប្បន្នពលករមីយ៉ាន់ម៉ាដែលបម្រើការងារនៅកម្ពុជាមានជាង ១,៣០០នាក់ ដោយទទួលបានបណ្ណការងារជនបរទេសពីក្រសួងការងារកម្ពុជា ក្នុងនោះមានប្រមាណ ១៨០នាក់ ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ខណៈរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាក៏បង្ហាញការរំពឹងទុកថា ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនាឱកាសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបពិភាក្សាជាមួយលោក យូ ធានស្វេ (U Thein Swe) រដ្ឋមន្រ្តីក្រសួងការងារ អន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ពោលគឺនៅកំលុងពេលលោករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកញ្ញា ស្អែកនេះ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះលទ្ធផលកិច្ចប្រជុំថ្នាក់មន្ត្រីជានខ្ពស់ការងារ នៃប្រទេស CLMTV ដែលបានធ្វើឡើងនៅថ្ងៃនេះ ដោយបានសម្រេចការឯកភាពគ្នាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសៀមរាប ដើម្បីឆ្ពោះទៅកាន់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្ដីពី ចល័តភាពនៃរបបសន្ដិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ ក្នុងប្រទេស CLMTV។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានជម្រាបរដ្ឋមន្ត្រីមីយ៉ាន់ម៉ាថា «ពលករមីយ៉ាន់ម៉ាប្រមាណជាង ១,៣០០នាក់ ទទួលបានបណ្ណការងារជនបរទេសនៅកម្ពុជា ហើយមានប្រមាណ ១៨០នាក់ ជាសមាជិក ប.ស.ស»។

លោក អ៉ិត សំហេង ក៏បានបង្ហាញការរំពឹងថា ចំនួននេះនឹងកើនឡើងបន្តទៀត ខណៈបច្ចុប្បន្ននេះពលករមីយ៉ាន់ម៉ាដែលកំពុងធ្វើការនៅកម្ពុជា ក៏ទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ ដូចកម្មករនិយោជិតកម្ពុជាដែរ។

ភាគីទាំងពីរបានបង្ហាញឆន្ទៈពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការការពារពលករ និងការផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីការពង្រឹងជំនាញរបស់ពលករទៅវិញទៅមក៕