(ភ្នំពេញ)៖ លទ្ធផលសម្លេងឆ្នោតច្រើនបំផុត ពីអ្នកគាំទ្រក្រុម X Fighter កាលពីយប់ម៉ិញ បានធ្វើឱ្យក្រុមនេះ នៅតែឈរលំដាប់លេខរៀងទី១ម្តងទៀតជាលើកទីពីរ ក្នុងចំណោមបេក្ខជន១២នាក់នៅវគ្គ Live Show សប្តាហ៍ទី៣នេះ។

លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) តំណាងពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលបានចូលរួមទស្សនាកម្មវិធីផ្ទាល់បានលើកឡើងថា «ក្រុម X-Fighter សក្តិសមណាស់ ដែលពួកគេនៅតែទទួលសម្លេងគាំទ្រច្រើនបំផុតនោះ ពីព្រោះខ្ញុំយល់ថា បទចម្រៀងដែលក្រុមនេះ លើកមកបកស្រាយ «We Are the World» គឺជាបទដែលធ្លាប់មានប្រជាប្រិយភាពខ្លាំងតាំងពីបទនេះ ចេញមកដំបូងរហូតមកដល់ពេលនេះ ហើយអ្វីដែលក្រុមនេះធ្វើបានល្អមែនទែននោះ ការលើកដាក់សម្លេងរបស់ពួកគេ គឺពិតជាពិរោះខ្លាំង និង ពោពេញដោយមនោសញ្ចេតនា»។

សូមបញ្ជាក់ថា ក្រុម X Fighter មានសមាជិក៤នាក់ មកពីភ្នំពេញហើយក្រុមនេះក៏ទទួលបានសារ ច្រើនជាងគេបំផុតកាលពីសប្តាហ៍មុនផងដែរ ដោយពួកគេត្រូវបានតម្រូវអោយច្រៀងបទដែលជ្រើសរើសដោយខ្លួនឯងផ្ទាល់។

ហើយបេក្ខជនដែលត្រូវដើរចេញពីកម្មវិធីនោះ គឺបេក្ខជន ង៉ូត សិលា មកពីភ្នំពេញដែលជាកូនក្រុម កញ្ញា សុខ សីឡាលីន ដូច្នេះបេក្ខជនដែលនឹងត្រូវទៅវគ្គបន្ទាប់គឺមានចំនួនតែ១១ រូបប៉ុណ្ណោះ ដែលនឹងត្រូវបង្ហាញសមត្ថភាពលើឆាក X Factor Cambodia ក្នុងនោះរួមមាន X Fighter ក្រុម JMB, ជាតិ សុច្ចកា, ថាន់ នឿថង , កែវ ចាន់ដាលីន, សំ សុវណ្ណារ៉ាក់, គឿន នភាល័យ, ចាន់ សុបញ្ញា, គង់ ចំរើន, ឆុន បាលូ, និង បេក្ខជន ចាន់ កូម៉ែន៕