(កំពង់ធំ)៖ ដើម្បីជាការលើកទឹចិត្ត ដល់សិស្សក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា (បាក់ឌុប) ឆ្នាំ២០១៨-២០១៩ លោក ជា ចាន់តូ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក និងលោកស្រីផ្ដល់អំណោយលើកទឹកចិត្តជូនដល់និស្សិត។

អំណោយលើកទឹកចិត្ត ដែលផ្ដល់ជូនសិស្សនិស្សិតនេះ ផ្ដល់ជូនតាមរយៈលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ប្រគល់ជូនក្នុងពិធីសំណេះសំណាលជាមួយ សិស្សប្រឡងជាប់ទាំង៤៣៣ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា បានសម្ដែងសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរដល់សិស្សានុសិស្ស ដែលជាជ័យលាភីទាំង៤៣៣នាក់ផងដែរ។

លោកស្រី ជា សិរី បានចាត់ទុកលទ្ធផលដែលសិស្សានុសិស្ស សម្រេចបានថាជោគជ័យពិតប្រាកដ បង្ហាញឲ្យឃើញពីស្មារតីតស៊ូ ការអត់ធ្មត់ ការខិតខំប្រឹងប្រែង ព្រមទាំងការយកចិត្តទុកដាក់រៀនសូត្រ។ ចំពោះការខិតខំរៀនសូត្រនេះ បាននាំមកនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរជូនក្រុមគ្រួសារ និងសង្គមជាតិ ពិសេសមុខមាត់របស់ស្រុកផងដែរ។

លោកស្រី ជា សិរី ស្នើឲ្យសិស្សប្រឡងជាប់ទាំងអស់ ត្រូវជ្រើសរើសការសិក្សា ឬអាជីពស្របទៅ តាមតម្រូវការផ្ទាល់ខ្លួន និងទីផ្សារ ហើយគួរគប្បីរៀបចំផែនការ និងគោលដៅឲ្យបានច្បាស់លាស់ ដោយពិនិត្យពិចារណា ស្វែងយល់ពីខ្លួនឯងឲ្យបានដូចជា ចំណង់ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈម្នាក់ៗ។

សូមបញ្ជាក់ថា សិស្សនៅស្រុកសន្ទុក ខេត្តកំពង់ធំ ប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១៩នេះ មានចំនួន៤៣៣នាក់ ស្មើនឹង៨២.៤៨% ក្នុងនោះសិស្សដែលទទួលបាននិទ្ទេសAម្នាក់។ ទិន្នន័យនេះគឺអត្រាប្រឡងជាប់ របស់សិស្សក្នុងស្រុកសន្ទុក គឺខ្ពស់ជាងអត្រាប្រឡងជាប់ថ្នាក់ជាតិ។

លោកស្រី ជា សិរី បានប្រគល់អំណោយរបស់លោក ជា ចាន់តូ និងលោកស្រី ដល់សិស្សរួមមាន៖ កុំព្យូទ័រយួដៃមួយគ្រឿងជូនដល់សិស្សជាប់និទ្ទេសA និងថវិកាមួយចំនួនជូន ដល់សិស្សជ័យលាភីទាំងអស់៕