(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័ន្តតេជោ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃ០៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារសហការី ថ្នាក់ដឹកនាំក្រសួងខុទ្ទកាល័យព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការ ទាំង៧សណ្ដាន ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណា និគមចាស់ថ្មី ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបប ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រី ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕