(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានអំពាវនាវ ដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងកាសែត ទស្សនាវដ្ដី និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ចូលរួមផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ក្នុងលិខិតរបស់លោកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ គឺចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ដូច្នេះ ដើម្បីចូលរួមចំណែកកាន់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រុស ស្រីសម្រុកទៅលេងស្រុកកំណើត ដើម្បីធ្វើបុណ្យជួបជុំក្រុមគ្រួសារ និងធ្វើដំណើរទៅកាន់ទីវត្តអារាម សូមម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ចាងហ្វាងកាសែត ទស្សនាវដ្ដី និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ពីករណីខាងលើនេះ បានទូលំទូលាយតាមអ្វីដែលអាចធ្វើទៅបាន។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន ដែលកំពុងជិះឥទ្ធិពលអាក្រក់ដល់សង្គមខ្មែរ ដូច្នេះ សូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយសារអប់រំ អំពីបញ្ហាគ្រឿង និងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាស់តឿនក្រើនរំលឹក និងបញ្ហាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ឱ្យចៀសឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងធ្វើដំណើរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងឱកាស បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលមានប្រជាពលរដ្ឋធ្វើដំណើរច្រើនកុះករ តាមដងផ្លូវ ចៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋយើង៕