(ភ្នំពេញ)៖ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក បានថ្លែងអះអាងចំពោះមុខអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ការអនុម័ត «ក្របខ័ណ្ឌនៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ជាមួយ WB ឆ្នំា២០១៩-២០២៣» ដែលគ្រោងទឹកប្រាក់ប្រមាណ១,០០០លានដុល្លារ គឺជាសក្ខីភាពបង្ហាញពីកិច្ចសហការភាពជាដៃគូ និងស្មារតីគោរពភាពជាម្ចាស់ លើការអភិវឌ្ឍន៍របស់កម្ពុជា។

ការអះអាងយ៉ាងដូច្នេះរបស់លោកស្រី វិចតូរៀ ខ្វាខ្វា ធ្វើឡើងក្នុងជំនួបជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ របស់ធនាពិភពលោកនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកញ្ញានេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី វិចតូរៀ ខ្វាខ្វា និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញថា ចំណងកិច្ចសហប្រតិបត្តិការរវាង WB និងរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការរួមចំណែកដ៏សំខាន់របស់ WB ក្នុងការគាំទ្រដំណើរការអភិវឌ្ឍកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹង-ចំណេះធ្វើ ប្រកបដោយស្មារតីនៃភាពជាដៃគូពិតប្រាកដ និងស្មើភាពព្រមទាំងបានចាត់ទុក WB ថាជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពី ស្ថានភាពសេដ្ឋកិច្ច ដែលកម្ពុជា កំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។ កម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជា ប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ធ នៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួន ជាបរទេសចំណូលមធ្យមកម្រិតខ្ពស់។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចសម្រេចបានកំណើនខ្ពស់រហូតដល់៧.៥% ក្នុងឆ្នាំ២០១៨ និងតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ នឹងអាចនៅតែសម្រេចបានប្រមាណ៧% ក្នុងឆ្នាំ២០១៩។

ជាការឆ្លើយតប លោកស្រី វិចតូរៀ ខ្វាខ្វា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា និងបានជម្រាបជូនថាធនាគារពិភពលោក តែងបានប្រកាន់ជំហរច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួម ចំណែកបន្តជម្រុញកិច្ចអភិវឌ្ឍនៅកម្ពុជា។

លោកស្រីបានលើកឡើងថា ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ធនាគារពិភពលោកបាន អនុម័ត «ក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយ WB ឆ្នំា២០១៩-២០២៣» (Country Partnership Framework - CPF 2019-2023) ដែលគ្រោងទឹកប្រាក់សរុបចំនួនប្រមាណ១,០០០លានដុល្លារអាមេរិក ដែលឯកសារនេះ គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ពេញលេញ រយៈពេលមធ្យមរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោក និងត្រូវបានរៀបចំដើម្បីរួមចំណែកផ្តល់ហិរញ្ញប្បទាន គាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងតម្រូវការអាទិភាពរបស់កម្ពុជា។

លោកស្រីក៏បានថ្លែងអំណរ គុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់កិច្ចសហការយ៉ាងសកម្មជាមួយ WB ក្នុងការរៀបចំឯកសារ «ក្របខ័ណ្ឌនៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ជាមួយ WB ឆ្នំា២០១៩-២០២៣» បានដោយជោគជ័យ និងឈានដល់ ការអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីពេលថ្មីៗនេះទៀតផង ដែលទាំងនេះ ជាសក្ខីភាពបង្ហាញអំពីកិច្ចសហការក្នុងភាពជាដៃគូ និងស្មារតីគោរពភាពជាម្ចាស់ លើកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោកដែលមាន សុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ឈានឆ្ពោះទៅគោលដៅឆ្នាំ២០៣០ និង២០៥០ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលកាន់តែរឹងមាំជាងមុន។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរលោកស្រី វិចតូរៀ ខ្វាខ្វា ព្រមទាំងសហការី ឱ្យទទួលបានជោគជ័យក្នុងដំណើរមក ទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕