(សៀមរាប)៖ ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ដៃគូរអាជីវកម្ម និងតំណាងចែកចាយរបស់ខ្លួន ស្រាបៀរលីអូ បានរៀបចំពិធីជប់លៀង និងជួបជុំដ៏ធំមួយ មានឈ្មោះថា “it’s time to play Dinner Party” កាលថ្ងៃទី១៣កញ្ញាកន្លងទៅនេះ នៅសណ្ឋាគារLe Meridien Angkor ដែលមានការចូលរួមពីដេប៉ូចែកចាយ ពីគ្រប់បណ្ដាខេត្តរាជធានីទាំងអស់ទូទាំងកម្ពុជា។

លោក លូអីស ហ្វឺរេ (Lluis Ferre) អគ្គនាយកហ៊ុនស្រាបៀរលីអូប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងក្នុងឱកាស ពិធីជប់លៀងនេះថា ស្រាបៀលីអូ បានផលិតឡើងដោយក្រុមហ៊ុន Boonrawd ដែលក្រុមហ៊ុននេះ បង្កើតឡើងកាលពី៨៦ឆ្នាំមុនដោយ លោក ព្រីយ៉ា ភីរុំផាឌី ហើយជាក្រុមហ៊ុនស្រាបៀរទី១ ដែលផលិតក្នុងប្រទេសថៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុក ដើម្បីធានាអោយ បាននូវរសជាតិ និងគុណភាពល្អយ៉ាងពិតប្រាកដ ។

ក្នុងឆ្នាំ១៩៣៩ ក្រុមហ៊ុនបានទទួលសិទ្ធិក្នុងការប្រើប្រាស់បទសម្ព័ន្ធ រូបគ្រុឌ ជាសញ្ញាដោយព្រះមហាក្សត្រ រ៉ាម៉ាទី៨ ទៅលើគុណភាពរបស់ស្រាបៀរ របស់យើងគឺជាស្រាបៀរដ៏ល្បីប្រចាំ នៅប្រទេសថៃ។

លោកបានបន្តថា «ក្នុងឆ្នាំ១៩៩៨ យើងបានសម្ពោធស្រាបៀរលីអូក្នុងប្រទេសថៃ ហើយបច្ចុប្បន្នស្រាបៀរនេះ ជាប់ចំណាត់ថ្នាក់លេខ១ ដែលបានរក្សានូវរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះអស់រយៈពេល៣ ទៅ៤ជំនាន់មកហើយ ដោយគ្រួសារ ភីរុំផាឌី»

លើសពីនោះ លោកបន្ដថា «ស្រាបៀរលីអូ មានវត្តមានក្នុងទីផ្សារកម្ពុជាជាង២០ឆ្នាំមកហើយ ដែលពិតជាមានមោទនភាពណាស់ សម្រាប់ភាពជោគជ័យនេះ ។ភាពជោគជ័យនេះ បានមកគឺដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនចែកចាយស្រាបៀរលីអូ នៅកម្ពុជា ដែលធ្វើឲ្យស្រាបៀរមួយនេះមានឈ្មោះ បោះសម្លេង និងមានការគាំទ្រច្រើនពីអតិថិជនតាមរយៈកម្មវិធីពិសេសផ្សេងៗ ដើម្បីជួយជំរុញ ការលក់របស់យើង ដូចជា យុទ្ធនាការផ្សព្វផ្សាយក្នុងទីផ្សារ ប្រូមូសិនអាពាហ៍ពិពាហ៍ និងគម្រោងថ្មីរបស់ Captain Leo របស់យើង»

ឆ្លៀតក្នុងឱកាសនេះ លោក ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុន ចែកចាយស្រាបៀរលីអូ បានអោយដឹងថា «ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានទទួលសិទ្ធិផ្តាច់មុខនាំចូលនូវស្រាបៀរលីអូ ក្នុងទីផ្សារប្រទេសកម្ពុជាជាង២០ឆ្នាំមកនេះ»

ជាពិសេស ស្រាបៀរលីអូ បានកសាងនូវកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ ហើយក្រុមហ៊ុន នឹងធ្វើឱ្យស្រាបៀរមួយនេះ មានលក់ក្នុងគ្រប់ទីផ្សារដើម្បីឆ្លើយតបទៅនឹងតម្រូវការ គ្រប់កម្មវិធីរបស់អតិថិជនរបស់នៅកម្ពុជា៕