(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថា ទណ្ឌិត សម រង្ស៉ី ដែលបានរំលោភបំពានមកលើអង្គព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ មិនសមយកសញ្ជាតិខ្មែរឡើយ។

សេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បានសម្តែងការឈឺចាប់ ហើយសុំថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែលបាន
ប្រព្រឹត្តខុសច្បាប់ និងរដ្ឋធម្មនុញ្ញជាតិជាញឹកញាប់ ដែលម្តងនេះកាន់តែមានសភាពធ្ងន់ធ្ងរដោយជននេះបានប្រមាថមកលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍បានបន្តថា អត្តចរិត និងសម្តីដ៏អាក្រក់ជួរជាតិគ្មានសម្បជញ្ញៈរបស់ទណ្ឌិត សម រង្ស៉ី គឺពិតជាមិនត្រូវអនុគ្រោះ ចាត់ទុកជាមនុស្ស និងជាជនជាតិខ្មែរចាប់ពីពេលនេះតទៅ ជាពិសេសចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ ជាទីគោរពស្រលាញ់ស្មើជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលព្រះអង្គជាព្រះប្រមុខរដ្ឋប្រកបដោយទសពិធរាជធម៌ និងជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានការពារយ៉ាងដាច់ខាតដោយច្បាប់ និងរដ្ឋធម្មនុញ្ញជាតិ ដែលមិនអាចឱ្យនរណារំលោភបំពានបានដាច់ខាត។

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសគាំទ្រ
សេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង ចុះថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតចំពោះទង្វើរបស់ទណ្ឌិត សម រង្សី ដែលបានរំលោភបំពានមកលើអង្គព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»