(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ចាប់ពីតំបន់កោះពេជ្រ រហូតក្រោមស្ពានមុនីវង្សចាស់។ ការចុះពិនិត្យច្រាំងទន្លេ ក៏មានការចូលរួមពីលោក អភិបាលរងខណ្ឌ មន្រ្តីភូមិបាលខណ្ឌ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅតាមទីតាំងច្រាំងបណ្តោយទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

អភិបាលខណ្ឌចំការមនលោក ថេង សុថុល បានប្រាប់ថា ក្នុងដំណើរចុះពិនិត្យច្រាំងទន្លេនៅថ្ងៃនេះមានគោលបំណងរួមមាន៖
*ទី១៖ ពិនិត្យការរំលោភយកច្រាំងទន្លេ
*ទី២៖ ការសាងសង់សំណង់ខុសច្បាប់
*ទី៣៖ ទូកនេសាទ ដែលសំចតប្រមូលផ្តុំនៅកន្លែងតបន់ហាមឃាត់
*ទី៤៖ ពិនិត្យក្រែងមានការបាក់ច្រាំងទន្លេផងដែរ។

ខណៈចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅតាមដងទន្លេបាសាក់ក្នុងមូលដ្ឋានខណ្ឌចំការមន នាឱកាសនោះ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានអំពាវនាវទៅដល់បងប្អូនប្រជាជនទូទៅ ដែលមានលំនៅស្ថានរស់នៅស្របមាត់ទន្លេបាសាក់ និងបណ្ដាក្រុមហ៊ុនចំនួន សូមមានការប្រុងប្រយ័ត្នផង ហើយបើមានបញ្ហាអ្វីកើតឡើងសូមរាយការណ៍មកអាជ្ញាធរដើម្បីចុះជួយអន្តរាគមន៍។

លោកអភិបាលបន្តទៀតថា ខណៈស្ថានភាពកម្ពស់ទឹកមានសន្ទុះឡើងប្រប និងមាត់ច្រាំងទន្លេដូចនេះសូមប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេសអាណាព្យាបាលដែលមានកូនចៅតូចៗ គួរគប្បីកុំឲ្យ កូនចៅចុះទៅលេងទឹកទន្លេ ឬដើរលេងតាមមាត់ទន្លេខ្លាចដើររអិលធ្លាក់ចូលទន្លេ។ ដូចនេះចូលប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនពោល គឺការពារប្រសើរជាជាងព្យាបាល គឺសុវត្ថិភាពជាចម្បង៕