(ភ្នំពេញ)៖ ស្ពានបាឡេឆ្លងកាត់ទន្លេសាប ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងបើកដំណើរការធម្មតាវិញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ ក្រោយផ្អាកមួយរយៈពេល ព្រោះសាឡង់ដឹកប្រេងប៉ះ។

លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកបញ្ជូន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដោយការខិតខំប្រឹងប្រែងរបស់វិស្វករ និងកម្មករការដ្ឋានទាំងថ្ងៃ ទាំងយប់ មកដល់ពេលនេះ ការជួសជុលស្ពានបាឡេឡើងវិញ បានបញ្ចប់រួចរាល់ហើយ និងត្រៀមដាក់ឲ្យដំណើរការនៅព្រឹកស្អែក។

ប្រធានមន្ទីរសាធារណការរូបនេះ សង្ឃឹម និងជឿជាក់ថា ស្ពានជ្រោយចង្វារដែលកកស្ទះប៉ុន្មានថ្ងៃមកនេះ នឹងកាត់បន្ថយការកកស្ទះចរាចរ វិលមកប្រក្រតីឡើងវិញ ក្រោយស្ពានបាឡេមួយនេះដាក់ឲ្យដំណើរការឡើងវិញ។

សូមជម្រាបថា អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានបាឡេ តភ្ជាប់ពីខណ្ឌឫស្សីកែវ ទៅខណ្ឌជ្រោយចង្វារ ជាបណ្តោះអាសន្នកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីត្រួតពិនិត្យ បន្ទាប់ពីស្ពាននេះត្រូវបានសាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច បើកប៉ះទង្គិចកាលពីម៉ោង៣រសៀលថ្ងៃទី១០ ខែកញ្ញា។

ស្ពានបាឡេថ្មី ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រូវបានបើកសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីបានដំណើរការសាងសង់ អស់រយៈពេល៦ខែ កន្លងមកនេះ៕