(ភ្នំពេញ)៖ ព្រះកម្រងតេងអញ្ញ «ជយវ៌ធន» ដែលក្រោយមកបានក្លាយជាព្រះរាជាធិរាជនៃមហាអាណាចក្រកម្វុជទេស ដោយមានព្រះបរមនាមថា ព្រះបាទជយវម៌្មទី៧ ឬ ព្រះបាទជ័យវរ្ម័នទី៧ បានត្រួតត្រាលើអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ កាលពីកំលុងជិត១,០០០ឆ្នាំមុន ព្រះអង្គបានបន្យល់ទុកនូវព្រះរាជបន្ទូលដ៏អស្ចារ្យជាច្រើនឃ្លាច្រើនបទ សម្រាប់អប់រំណែនាំកូនចៅខ្មែរនៅជំនាន់ក្រោយ។

ហេតុដូច្នេះហើយបានជានៅសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវព្រះរាជបន្ទូលរបស់ព្រះអង្គចំនួន ១០ឃ្លា មកបង្ហាញជូនទស្សនិកជនទុកជាការឈ្វែងយល់តាមការគួរ៖

១៖ «សុខទុក្ខរបស់រាស្ត្រ គឺជាសុខទុក្ខរបស់ព្រះមហាក្សត្រ»។

២៖ «ការពារជាតិមាតុភូមិ ពេលសត្រូវឈ្លានពាន»។

៣៖ «និយមសន្តិភាព កុំបង្កសង្គ្រាមក្នុងនគរ»។

៤៖ «ដើម្បីឈ្នះសត្រូវដែលខ្លាំងជាងខ្លួន ត្រូវប្រើវិធីវាយឆ្មក់ ឬទុកឱ្យសត្រូវប្រយុទ្ធជាមួយសត្រូវឯទៀត ទើបវាយយកអ្វីៗដែលយើងចង់បានតាមក្រោយ»។

៥៖ «ដណ្ដើមអំណាចជារឿងមួយ រំដោះជាតិជារឿងមួយ កសាងជាតិជារឿងមួយទៀត»។

៦៖ «យកចិត្តរាស្ត្រជាធំ មុនយកអំណាច»។

៧៖ «គោរពច្បាប់ជារឿងដំបូង ដែលមេដឹកនាំត្រូវអនុវត្តន៍»។

៨៖ «ដឹងខ្លួនល្ងង់ គង់បានជាប្រាជ្ញ»។

៩៖ «បើអ្នកដឹកនាំប្រកបដោយធម៌ រាស្ត្រប្រកបដោយសុខ តែបើអ្នកដឹកនាំមិនប្រកបដោយធម៌ទេ នោះរាស្ត្រនឹងប្រកបដោយទុក្ខ»។

១០៖ «ត្រូវមានជំហរដូចទឹកក្នុងអម្រែក ត្រូវមានភ្នែកមុតដូចជាសត្វខ្លែង»។

សូមជម្រាបថា ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ នៃសន្តតិវង្ស «មហិធិរបុរៈ» និងព្រះមហាក្សត្រី ស្រីជយរាជចូឌាមណី ព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងឆ្នាំ១១៨១ នៃគ្រិស្តសករាជ ក្នុងព្រះជន្មាយុ ៥៦ព្រះវស្សា នៅរាជធានីស្រីយសោធបុរៈទី៤ (ក្រុងអង្គរធំ)។ គេមិនបានដឹងច្បាស់ថា ព្រះអង្គចូលទិវង្គតនៅឆ្នាំណាពិតប្រាកដនោះទេ គេគ្រាន់តែសង្ស័យថា ព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ១២១៨ នៃគ្រិស្ដសករាជ ហើយពេលដែលព្រះអង្គសុគតទៅទ្រង់បានទទួលព្រះមរណនាមថា «ព្រះមហាបរមសង្គតបទ»។

ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺបានគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសព្វថ្ងៃ ដែនដីកម្ពុជាក្រោម វៀតណាមភាគកណ្ដាល (អតីតនគរចាម្ប៉ា) ប្រទេសឡាវ និងប្រទេសថៃសព្វថ្ងៃផង រួមទាំងមួយភាគនៃជ្រោយម៉ាឡាការហូតដល់ជ្រោយកោះក្រៈ ទៅទល់នឹងប្រទេសភូមារហូតដល់ទន្លេសាល្វីន៕