(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញប្រតិបត្ដិការអូសទាញសាឡង់ដឹកខ្សាច់ ដែលកឿងជាប់សសរទី៣ នៃស្ពានព្រែកមាក់ ស្ថិតក្នុងខេត្តកណ្ដាល។ ក្រសួងបានបញ្ជាក់ថា ប្រតិបត្ដិការត្រូវបានផ្អាកជាបណ្ដោះអាសន្ន រង់ចាំទឹកស្រក ទើបបន្ដឡើងវិញ ក្រោយប្រើគ្រប់មធ្យោបាយតែមិនទទួលបាន ជោគជ័យ។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ មានឧប្បទវហេតុមួយកើតឡើង ដោយសាឡង់ដឹកខ្សាច់មួយគ្រឿង ត្រូវបានកម្លាំងទឹកបោក ហើយបានកឿងជាប់នឹងជើងតាងនៃសសរស្ពាន ផ្នែកកណ្តាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រោយពីបូមខ្សាច់ចេញពីសាឡង់អស់ ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល អភិបាលខេត្តកណ្តាល តំណាងអាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ កងអន្តរាគមន៍អង្គរក្សសម្តេចតេជោ និងក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពានមកពីប្រទេសចិន ព្រមទាំងមានកិច្ច សហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការអូសសាឡង់ជាច្រើនលើកច្រើនសារ ហើយជម្រើសចុងក្រោយ ក្រុមការងារបានសរុបកម្លាំងរួមគ្នា អូសទាំងផ្លូវទឹក អូសទាំងលើគោក នៅតែមិនអាចអូសសាឡង់ខាងលើនេះបាន ដោយសារសម្ពាធទឹកខ្លាំងពេក។

បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយ ក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពាន មកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់ដឹកខ្សាច់ដែលជាប់កឿងខាងលើ មិនធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ទាំងមូលទេ។

ដូច្នេះក្រុមការងារបានសម្រេចធ្វើការផ្អាក នូវប្រតិបត្តិការអូសសាឡង់ខាងលើនេះ ជាបណ្តោះអាសន្ន ហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តប្រតិបត្តិការសាជាថ្មីនៅពេលទឹកមានសភាព ធូរស្រាលឡើងវិញ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃដែលត្រូវប្រតិបត្តិការឡើងវិញនោះ មិនទាន់អាចបញ្ជាក់បានឡើយទេ ព្រោះថាក្រុមការងារបច្ចេកទេស និងអ្នកជំនាញ ដែលមានពីក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរង់ចាំស្ថានភាពទឹកស្រកសិន ទើបអាចបំពេញការងារបន្ដទៀតបាន ដោយហេតុថានៅពេលនេះទឹកហូរខ្លាំង។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលប្រចាំការដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ តាំងពីថ្ងៃដំបូងបានអះអាងថា ការសម្រេចផ្អាកសកម្មភាពនេះ ធ្វើឡើងតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ លោកបានឲ្យដឹងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំច្បាស់ហើយ ហាមដាច់ខាតមិនឲ្យក្រុមការងារប្រើប្រាស់នូវវិធីសាស្ដ្រ ចុះកាត់សាឡង់ដឹកខ្សាច់នេះជាពីរនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ក្រុមប្រតិបត្តិការជាយថាហេតុ។

បើតាមលោក ស៊ុន ចាន់ថុល ហេតុផលមួយទៀត ដែលនាំឲ្យក្រុមការងារបច្ចេកទេសសម្រេចផ្អាកសកម្មភាពនេះ ក៏ដោយសារមានការបញ្ជាក់ពី ក្រុមហ៊ុន សៀងហៃ ដែលជាអ្នកទទួលស្ថាបនាស្ពានព្រែកតាមាក់ បានចុះមកពិនិត្យផ្ទាល់នៅទីតាំងកើតហេតុ ហើយបានអះអាងថា មិនមានប៉ះពាល់ណាមួយ ដល់សសរស្ពាន ឬតួស្ពានទាំងមូល ដោយសារសាឡង់បុកនោះឡើយ។

សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើងតាំងពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩៕