(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្រ្តីរាជការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ បានអញ្ជើញចូលរួមកាន់បិណ្ឌទី២ នៅវត្តសារាវ័នតេជោ រាជធានីភ្នំពេញ។

នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ការកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌនេះ ជាប្រពៃណីតាំងពីដូនតាខ្មែរ ហើយគោលបំណងនៃពិធីភ្ជុំបិណ្ឌនេះ គឺដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ គង់ចាំព្រះវស្សា នៅក្នុងទីអារ៉ាម។ ម៉្យាងទៀត គឺដើម្បីរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។

លោក វង សូត បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិតាមគន្លងនៃ ព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ នេះក៏ដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានគាំទ្រ និងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់រូបមានសិទ្ធសេរីភាព ក្នុងការគោរពសាសនាគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរ ដើម្បីចូលរួមចំណែក លើកកម្ពស់ ទ្រទ្រងវិស័យព្រះសាសនាលោក វង សូត និងលោកជំទាវ បាននាំទ័យទាន និងបច្ច័យចំនួន១១លានរៀល សម្រាប់កសាងក្នុងទីធ្លាវត្ត និងជូនថវិកា លោកយាយ លោកតា និងសិស្សដែលបានស្នាក់នៅក្នុងវត្តផងដែរ។

ជាការកត់សំគាល់ ជារៀងរាល់រដូវបុណ្យទានម្តងៗ លោក វង សូត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវ​នីតិសម្បទា តែងតែអញ្ជើញទៅធ្វើបុណ្យ​ ដើម្បីឧទ្ធិសកុសលជូនដល់ញាតិការ និងសុំសេចក្តីសុខសប្បាយរុងរឿង​ ជូនក្រុមគ្រួសារ បងប្ងូនជនរួមជាតិ និងប្រទេសជាតិទាំងមូល៕

 

Advertising