(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ ណែនាំឲ្យប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត ចាត់មន្ត្រីក្នុងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានគ្រប់ថ្នាក់ចូលរួមពិធីបុណ្យកាន់បណ្ឌិ និងភ្ជុំបិណ្ឌ នៅគ្រប់វត្តទូទាំងប្រទេស។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ស្របពេលដែលក្រុមការងារថ្នាក់ជាតិ ចាប់ដំណើរការចុះធ្វើវេទិកាសាធារណៈ និងចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមប្រធានក្រុមកាងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត មេត្តាចាត់ចែងលើកទឹកចិត្ត ដល់គ្រប់សមាសភាពនៃក្រុមកាងារថ្នាក់ជាតិគ្រប់ថ្នាក់ ដោយសហការជាមួយរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកជាមួយរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកជាមួយប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះ ឲ្យបានអធិកអធមគ្រប់ៗគ្នា តាមសទ្ធាជ្រះថ្លា និងអនុមោទនាទទួលមគ្គផល បុណ្យកុសល ឧទ្ទិសជូនដល់បុព្វការីជន ដើម្បីសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា នៅគ្រប់វត្តទូទាំងប្រទេស។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា «ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យនេះ សូមឲ្យក្រុមការងារជួយផ្សព្វផ្សាយ ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ»

សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិរបស់កម្ពុជា នៅឆ្នាំនេះចាប់ផ្តើមពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០១៩៕