(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សន្តិភាព ស្រឡាញ់ភាពសុខសាន្តរបស់ប្រទេស ដោយបានចេញវីដេអូមួយ ជេររិះគន់ជាសាធារណៈលើលោក សម រង្ស៉ី មេចលនាប្រឆាំងក្រៅច្បាប់ ដែលចង់មកបង្កចលាចល បំផ្លាញសន្តិភាពប្រទេសកម្ពុជា ព្រមទាំងហ៊ានប្រមាថព្រះចេស្តាដល់អង្គព្រះមហាក្សត្រ។

ព្រឹទ្ធាចារ្យម្នាក់ ដែលធ្លាប់រស់នៅក្នុងសម័យខ្មែរក្រហម ហើយត្រូវបានរំដោះឱ្យរស់រានមានជីវិត ដោយថ្ងៃ០៧ ខែមករា ១៩៧៩ បានហៅ លោក សម រង្ស៉ីថា ជាជនក្បត់ជាតិតពូជតត្រកូល ដែលចង់មកបង្កចលាចល។

លោកតាបានថ្លែងតាមរយៈវីដេអូ យ៉ាងដូច្នេះថា៖ «គណបក្សប្រជាជន គឺគណបក្សខ្ញុំ។ ឯសម រង្ស៉ី ក្បត់សួពូជ សម សារី ក្បត់សម្តេច ក្បត់ប្រទេសជាតិ ដល់ពេលមកដល់ សម រង្ស៉ី ទៀតក្បត់ប្រជាជនទៀត។ កុំឱ្យមកឱ្យសោះ ! មកកន្លែងណារន្ទៈបាញ់កន្លែងហ្នឹងទៅ»

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ជនក្បត់ជាតិ សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជា ចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានប្រកាសអំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាមួយនឹងការប្រកាសវិលត្រឡប់នេះ លោកក៏ប្រកាសឱ្យប្រជាពលរដ្ឋ ប្រឆាំងនឹងរដ្ឋាភិបាលផងដែរ៕