(កណ្ដាល)៖ ក្រុមយុវជន និងមនុស្សវ័យកណ្ដាល សរុបចំនួន៨នាក់ ដែលជាមុខសញ្ញាចែកចាយ សារធាតុញៀនខុសច្បាប់ ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន នៅឯសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមមន្ដ្រីនគរបាល បានប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្ដកណ្ដាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឲ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅកន្លែងកើតហេតុខាងលើ មានក្មេងស្ទាវៗ តែងតែប្រមូលផ្តុំគ្នា ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទើបកម្លាំងប៉ុស្តិ៍ព្រែកហូរ សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀន ក្រុងតាខ្មៅ ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួន ជនសង្ស័យបាន៨នាក់ ដែលជាអ្នកប្រើប្រាស់ និងចែកចាយថ្នាំញៀន និងថ្នាំញៀនចំនួន១៤កញ្ចប់។

មន្ដ្រីដដែលរូបនេះ បានបន្ដថា យុវជនទាំង៨នាក់ មានឈ្មោះដូចខាងក្រោម៖ ១៖ ឈ្មោះ វង្ស កក្តដា ភេទប្រុស អាយុ១៥ឆ្នាំ, ២៖ ឈ្មោះ ភ័ណ្ឌ សុផាត ភេទប្រុស អាយុ១៥ឆ្នាំ, ៣៖ ឈ្មោះ អ៊ី ដាវិត ភេទប្រុស អាយុ១៧ឆ្នាំ, ៤៖ ឈ្មោះ ស៊ីម ហួង ភេទប្រុស អាយុ៤៧ឆ្នាំ, ៥៖ ឈ្មោះ ស្នារ ប្រុសតូច ភេទប្រុស អាយុ១៦ឆ្នាំ, ៦៖ ឈ្មាះ រ៉ា សិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ, ៧៖ ឈ្មោះ លឹម ចំរើន ភេទប្រុស អាយុ២២ឆ្នាំ, ៨៖ ឈ្មោះ ខុន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំង៨នាក់ សុទ្ធតែជាអ្នករស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា (ម៉ាទឹកកក) សង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ (តូច១៣កញ្ចប់, ធំល្មម១កញ្ចប់), ម៉ូតូចំនួន២គ្រឿង, ម៉ា ក HONDA សងC125 មានស្លាកលេខភ្នំពេញ1AB-5074 និងម៉ូតូម៉ាក SmashRevo មានស្លាកលេខភ្នំពេញ 1S-4926។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី៕