(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឲ្យលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនដែលជួលដីបន្ត ធ្វើការរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗ ចេញពីទីតាំងដីច្រាំងទន្លេសាប ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នេះបើតាមលិខិតផ្លូវការមួយរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជម្រាបជូន លោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) ស្ថិតនៅច្រាំងទន្លេសាប ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបណ្ដាព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងលិខិតបញ្ជាក់ថា ការតម្រូវឲ្យលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនដែលជួលដីបន្ត ធ្វើការរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងដីចំណីច្រាំងទន្លេសាបនេះ បានធ្វើឡើងយោងលិខិតលេខ ៣០០ សជណ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ របស់រដ្ឋបាលខណ្ឌឫស្សីកែវ, ដីកាសម្រេចរក្សាការពារលេខ ០១ ឃ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ, កម្មវត្ថុ ស្ដីពីការតម្រូវឲ្យអនុវត្តបញ្ចប់កិច្ចសន្យាជួលដីក្នុងបរិវេណផែក្នុងស្រុករបស់លោក នួន សុន ជាមួយកំពង់ផែស្វយ័តភ្នំពេញ។

លើសពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមានចាត់វិធានការបើលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) មិនអនុវត្តតាមការណែនាំខាងលើ គឺដើម្បីចុះរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ប្រយោជន៍អ្វីឡើយ ក្នុងករណីរឹងរូស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន។

ក្នុងលិខិតរបស់លោក ជា ពិសី អះអាងថា ទីតាំងឃ្លាំងស្តុកទំនិញរបស់លោក នួន សុន ដែលបានជួលពីកំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅច្រាំងទន្លេសាប ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកំពង់ផែស្វយ័តភ្នំពេញ បញ្ចប់កិច្ចសន្យាជួលជាមួយ លោក ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១០។

អំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២ កំពង់ផែស្វយ័តភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងលោក នួន សុន ជាច្រើនលើកច្រើនសារ ដោយតម្រូវឲ្យលោក អនុវត្តបញ្ចប់កិច្ចសន្យា និងបញ្ឈប់សកម្មភាពសាងសង់សំណង់គ្រប់រូបភាព ហើយរុះរើនូវឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងខាងលើ រហូតមានវិធានការផ្លូវច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញ តាមរយៈដីកាសម្រេចរក្សាការពារលេខ ០១ ឃ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែ លោកមិនត្រឹមតែមិនអនុវត្តទេ ថែមទាំងបានសាងសង់សំណង់ថ្មីៗ និងជួលដីនេះបន្តឲ្យទៅតតីយជន ដោយឯកតោភាគីថែមទៀត៕