(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថអង្គព្រះមហាក្សត្រ និងអំពាវនាវដល់សមត្ថកិច្ច ចាត់វិធានការរួសរាន់តាមច្បាប់។

រដ្ឋសភា បានចាត់ទុកថា ការលើកឡើងក្នុងកិច្ចសម្ភាសន៍នោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះចេស្តា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជន កម្ពុជាគ្រប់រូប និងលើរដ្ឋធម្មនុញ្ញ នៃព្រះ រាជាណាចក្រកម្ពុជា។

រដ្ឋសភាលើកឡើងថា ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាអង្គព្រះមហាក្សត្រខាងលើនេះ គឺជាទង្វើរំលោភ បំពានលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយទង្វើនេះត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តមាត្រា ៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។ យើងខ្ញុំសូមអំពាវនាវដោយទទូច ដល់រាល់សមត្ថកិច្ច សូមចាត់រាល់វិធានការរួសរាន់តាមច្បាប់ ដើម្បីតាមចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសឱ្យសមស្របតាមទោស ដែលជននេះបានកំពុងនឹងប្រព្រឹត្តិ។

រដ្ឋសភា បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសូមបួងសួងដល់រាល់ព្រះអាទិទេពដ៏មានមហិទ្ធិឫទ្ធខ្លាំងក្លាក្នុងលោក សូមតាមថែរក្សាព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើងខ្ញុំទាំងអស់គ្នា សូមបានសមប្រកបតែព្រះបរមសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាត ឡើយ។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»