(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំង និងប្រកាសថ្កោលទោសទណ្ឌិ សម រង្ស៊ី ដែលបានប្រមាថព្រះចេស្ដា អង្គព្រះមហាក្សត្រ។

លោក ស សុខា តាមរយៈ Facebook ក៏បានអះអាងថា គ្រប់រូបភាព នៃការប្រមាថព្រះមហាក្សត្រ លោកសូមគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់នានា របស់រាជរដ្ឋាភិបាល និងតុលាការ ព្រោះការប្រមាថអង្គព្រះមហាក្សត្រស្មើនឹងប្រមាថប្រជារាស្ដ្រទាំងអស់គ្នា។

លោក ស សុខា បានបង្ហោះសារយ៉ាងដូច្នេះថា «ក្នុងនាមយុវជនជំនាន់ក្រោយម្នាក់ ខ្ញុំពិតជាមានការសោកស្ដាយដោយក្ដីហួសចិត្ត មិនអាចទទួលយកបាន បន្ទាប់ពីលោក សម រង្ស៊ី ចាត់ទុកព្រះមហាក្សត្រជាអាយ៉ងរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជន»

រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេសបានតម្កល់ព្រះអង្គជាព្រះប្រមុខរដ្ឋដែលមិនអាចប៉ះពាល់និងរំលោភបំពានបាន តែមេដឹកនាំនយោបាយប្រឆាំងបែរជាប្រមាថព្រះចេស្ដាជារឿយៗ។ ព្រះមហាក្សត្រ លោកមិនធ្វើនយោបាយ និងមិនកាន់អំណាចនោះទេ ។ លោកជានិមិត្តរូបជាតិ ដែលអាចសម្របសម្រួលនយោបាយក្នុងករណីចាំបាច់ ដែលពុំមែនជារឿងព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់តុលាការ។

សម្រាប់ខ្ញុំផ្ទាល់ ប្រហែលមិនខុសពីយុវជនដ៏ទៃទៀតដែរ ចង់ឃើញខ្មែររួមគ្នា ជាពិសេសចង់ឃើញអ្នកនយោបាយជាគម្រូល្អ ដល់យុវជនបន្តវេន ដោយមិនគួរជំរុញលើកទឹកចិត្តយុវជន ឲ្យធ្វើការសម្រេចចិត្តដូចភ្លលងចំបើង ណាមួយទេ។ ចំពោះគ្រប់រូបភាព នៃការប្រមាថព្រះមហាក្សត្រ ខ្ញុំសូមគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់នានា របស់រាជរដ្ឋាភិបាល និងតុលាការ។ ប្រមាថអង្គព្រះមហាក្សត្រស្មើនឹងប្រមាថយើងទាំងអស់គ្នា។

ខ្ញុំយល់ថា អ្នកនយោបាយ មានលោក សម រង្ស៊ី ជាដើមពុំគួរយកកម្ពុជា ធ្វើជាផ្ទាំងក្រឡាអុក និងយកយុវជនប្រជាជន កងកម្លាំងប្រដាប់អាវុធជាតិ ធ្វើជាកូនអុក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនមែនប្រយោជន៍ប្រជាជន និងប្រទេសជាតិនោះឡើយ»។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»