(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថ ដល់អង្គព្រះមហាក្សត្រ។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភា ស្នើដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត។

សេចក្តីថ្លែងការណ៍របស់ ព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺជាការនិយាយបរិហារ ញុះញង់ បង្កឱ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការរំលោភបំពានលើមាត្រា ៧ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»

បន្ទាប់ពីនោះ ព្រឹទ្ធសភា ក៏ចាប់ផ្តើមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើប្រមាថរបស់ ទណ្ឌិត សម រង្ស៉ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ចំពោះទង្វើរំលោភបំពានដ៏ធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងលើរដ្ឋធម្មនុញ្ញកម្ពុជា។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»