(ភ្នំពេញ)៖ រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ មានរយៈពេល ៦ថ្ងៃហើយ ក្រុមការងារជួយសង្គ្រោះនៅមិនអាចអូសសាឡង់ ដែលបុកគឿងជាប់សសរ ស្ពានព្រែកតាមាក់ បាននោះទេ បើទោះបីប្រើស្ទើរគ្រប់មធ្យោបាយយ៉ាងណាក្ដី។ សម្រាប់ប្រតិបត្តិការនៅថ្ងៃនេះ ក្រុមការងារក្រោមការបញ្ជាពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្រើប្រាស់នាវាទាញអូស និងបុកដើម្បីជំនួយបន្ថែមនៅតែមិនបានជោគជ័យ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអះអាងថា តាំងពីថ្ងៃកើតហេតុ រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញានេះ សមត្ថកិច្ចមកពីគ្រប់ស្ថាប័នបានរួមដៃគ្នា និងប្រើស្ទើរគ្រប់មធ្យោបាយ ដើម្បីអូសសាឡង់ដឹកខ្សាច់នោះចេញពីកន្លែងដែលគៀបជាប់ ប៉ុន្ដែមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ពោលគ្រាន់តែរង្គើរក្បាលបន្ដិចប៉ុណ្ណោះ ហើយឧបសគ្គធំបំផុតក្នុងប្រតិបត្តិការនេះ គឺបណ្ដាលមកពីកម្លាំងទឹកហូរខ្លាំង។

បើតាមសេចក្ដីរាយការណ៍ ក្រុមហ៊ុនសៀងហៃ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ស្ពានព្រែកតាមាក់ ក៏បានចុះមកដល់កន្លែងកើតហេតុផងដែរ ដើម្បីចូលរួមពិនិត្យស្ថានភាពជាក់ស្ដែង ជាមួយសមត្ថកិច្ចរបស់កម្ពុជា។ ក្នុងនោះ ក្រុមហ៊ុនក៏បានអះអាងដែរថា ចំពោះសាឡង់ដែលបុកគឿងនេះ មិនបង្កការប៉ះពាល់ដល់គុណភាពស្ពាននោះទេ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយ បារម្ភខ្លាំងនោះឡើយ។

សូមជម្រាបថា ប្រតិបត្តិការជួយសង្គ្រោះនេះ ក្រុមការងារបច្ចេកទេស ដែលមានខាងក្រសួងពាក់ព័ន្ធ និងអ្នកជំនាញមកពីកំពង់ផែស្វយ័តភ្នំពេញ ដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ មានសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើក និងទៅជាប់គាំង ជាមួយសសរស្ពានព្រែកតាមាក់ (សសរទី៣) បណ្តាលឲ្យគាបជាប់នៅនឹងសសរស្ពានទី៣ ស្ពានព្រែកតាម៉ាក់តែម្តង។ ភ្លាមៗក្រោយទទួលបានព័ត៌មាន អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយទាញក្បាលសាឡង់ដឹកខ្សាច់នេះ ចេញពីសសរស្ពាន។

ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្តលោក ម៉ៅ ភិរុណ និងមន្ទីរសាធារណការ និងដឹកជញ្ជូន បានបញ្ជាឲ្យផ្អាកសាឡង់ដឹកខ្សាច់ផ្សេងទៀត ឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែលបុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល៕