(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេលោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់លោក ហ៊ុន សែនដូចសព្វថ្ងៃទេបាទ»

គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន បានគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការពារយ៉ាង ប្តូរផ្តាច់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពស្រឡាញ់ស្មើជីវិតរបស់ប្រជារាស្ត្រខ្មែរ ទូទៅ ដោយមិនឲ្យនរណារំលោភបំពាន បានជាដាច់ខាត។

គណបក្សប្រជាជនកម្ពុជា សូមអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធចាត់វិធានការ តាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះទង្វើរំលោភបំពានដ៏ធ្ងន់ធ្ងរលើអង្គព្រះ
មហាក្សត្រ និងលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខាងលើនេះ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា៖