(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយរបស់ សារព័ត៌មានទេសចរណ៍ឥណ្ឌូនេស៊ីមួយឈ្មោះ «Tempo» ដែលបានសរសេរថា «ប្រសាទអង្គ​រវត្តគឺជារបស់ថៃ»។ ទន្ទឹមនឹងការប្រតិកម្មនេះ ស្ថានទូតខ្មែរបានទាមទារឱ្យកាសែតខាងលើនេះ កែតម្រូវជាបន្ទាន់។

តាមរយៈលិខិតមួយ ផ្ញើទៅកាន់ចាងហ្វាងសារព័ត៌មានខាងលើ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក ហោ ណាំបូរ៉ា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញអត្ថបទមួយមានចំណងជើងថា៖ "Ganjar Pranowo Punya Resep Candi Borobudur Lebih dari Angkor Wat" ចុះផ្សាយនៅលើគេហទំព័ររបស់អ្នក នៅថ្ងៃទី១២ ខែកញ្ញា។ វាមានការលើកឡើងខុសដល់ទៅពីរលើក នៅក្នុងអត្ថបទនេះដែលថា ប្រាសាទអង្គរវត្តគឺជារបស់ថៃ (នៅក្នុងកថាខណ្ឌទី១ និងកថាខណ្ឌទី ២)។ មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា អង្គរវត្តគឺជារបស់ខ្មែរ ដែលជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក»

លោកអគ្គរាជទូតបានបន្ថែមទៀត «ក្រោយការអង្កេតយ៉ាងយកចិត្តទុកដាក់ និពន្ធនាយករបស់អ្នកបានជ្រើសរើសអត្ថបទនេះ ចេញពីទីភ្នាក់ងារព័ត៌មានអង់ការ៉ា (Antara)។ ខ្ញុំក៏បានឃើញអត្ថបទនោះដែរ។ វាមានមិនមានកំហុសទេនៅក្នុងអត្ថបទដើមរបស់ទីភ្នាក់ងារព័ត៌មាន Antara។ តែខ្ញុំមិនយល់ទាល់តែសោះថា ហេតុអ្វីបានជានិពន្ធនាយករបស់អ្នកឈ្មោះ រីនី ឃូស្ទានី (Rini Kustiani) ប្ដូរត្រង់កន្លែងកម្ពុជាទៅជាថៃវិញ។ តើនេះគឺជាចេតនា ឬក៏យ៉ាងណា? ដូច្នេះសូមអ្នកកែតម្រូវឡើងវិញជាបន្ទាន់ នៅលើគេហទំព័ររបស់អ្នក និងជូនដំណឹងដល់អ្នកអានរបស់អ្នកថា អង្គរវត្តគឺជារបស់ខ្មែរ»

ប្រាសាទអង្គរវត្ត ឬអង្គរតូច ជាប្រាសាទអច្ឆរិយៈរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភាគខាងជើងក្រុងសៀមរាប ប្រទេសកម្ពុជា។ ប្រាសាទដ៏ធំនេះ ត្រូវបានកសាងឡើងដំបូង ដោយព្រះមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សទី១២។ បច្ចុប្បន្នប្រាសាទអង្គរវត្តកម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយកំពុងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ធំបំផុតមួយ នៅលើពិភពលោក ដោយទួលបានភ្ញៀវទេសចរបរទេស រាប់លាននាក់ក្នុង១ឆ្នាំៗ៕