(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុក អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៩ ដែលជាប់និទ្ទេសA ទាំង១៥នាក់ និងអាណាព្យាបាលសិស្ស នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានផ្តល់ជូននូវកុំព្យូទ័រយួរដៃក្នុងម្នាក់១គ្រឿង ដែលជាថវិការរបស់លោកផ្ទាល់ ព្រមទាំងថវិកា៤២ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្ត ដែលប្អូនៗក្មួយៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដោយប្រឡងបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននិទ្ទេសAថែមទៀតនោះ ដែលជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ក្នុងឱកាសជួបសំណេះសំណាលនោះលោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្ស ព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបំរុងកូនៗរបស់ខ្លួន រហូតសម្រេចលទ្ធផលដ៏ល្អនេះថ្ងៃនេះ។

លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្រ ជាពិសេសផ្ដល់នូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បន្តទៅថ្នាក់បរិញ្ញាបត្រ នៅឯមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងនោះមាន៣ចំណុចសំខាន់ គឺត្រូវមានចំណេះជំនាញ ភាសា និងកុំព្យូទ័រ ដែលលោកបានផ្ដល់ជូននាថ្ងៃនេះស្រាប់។

ជាមួយគ្នានោះដែរ លោកបានសន្យា នឹងបន្តផ្ដល់ជូននូវកុំព្យូទ័រ ដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A រៀងរាល់ឆ្នាំមិនថា ១៥នាក់ ២០នាក់ ឬ១០០នាក់ក៏ដោយ លោកនឹងខិតខំស្វះស្វែងរកទិញឱ្យក្មួយ ដើម្បីជាការលើកទឹកចិត្ត លើការងារជួយជំរុញល់ការសិក្សារបស់សិស្ស ដែលជាប្រភពធនធានដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍សង្គមជាតិនៅពេលអនាគត។

លោក ជាម ច័ន្ទសោភ័ណ បានបង្ហាញនូវមោទនភាពចំពោះសិស្សានុសិស្សក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដែលបានប្រឡងជាប់ជាង 3ពាន់នាក់ ក្នុងចំណោមជាង4ពាន់នាក់ គឺជាប់រហូតដល់ជាង៧០% ជាខេត្តមានភាគរយខ្ពស់ជាងគេ ក៍ដូចជាស្ថិតនៅលំដាប់លេខរៀងទី០៨ ខេត្តដែលមានសិស្សប្រឡងជាប់ច្រើន។

បើតាមលោក នូ ផល្លាភិវឌ្ឍន៍ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០១៩ មានសរុប៤១៥០នាក់ ស្រី២២៨៤នាក់ ក្នុងនោះបានប្រឡងជាប់សរុប ៣០៣៤នាក់ ស្រី ១៧៦១នាក់ ស្មើនឹង៧២.៩៣% ដែលជាភាគរយសិស្សជាប់ច្រើនជាងគេទូទាំងប្រទេស ក៍ដូចជាមានសិស្សជាប់ក្នុងចំណាត់ថ្នាក់លេខរៀងទី៨ នៅទូទាំងប្រទេសផងដែរ៕