(ភ្នំពេញ)៖ ក្រោយពីម្ចាស់ពាក់ព័ន្ធក្បាលដីផ្ដល់ឯកសារកាន់កាប់ដី មកបង្ហាញជូនមន្ត្រីជំនាញ សម្រាប់សម្រង់ស្ថិតិ និងវាស់វែងកំណត់ព្រំដី ដើម្បីគ្រោងស្ថាបនាផ្លូវអមព្រែកអូរវែង ស្ថិតនៅតំបន់ក្រោយវត្តទួលសន្តិវ័ន (វត្តទួលអស់លោក) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ចាប់ផ្ដើមបើកការដ្ឋានបុកស៉ីផាយតំណាក់កាលទី១ហើយ ដែលស្ថិតក្រោមការចុះត្រួតពិនិត្យផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា តាមផែនការរបស់សាលារាជធានីភ្នំពេញ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៩កន្លងទៅ មន្ត្រីក្រុមការងារចម្រុះ នៃរដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តសកម្មភាពក្នុងការចាប់ផ្ដើមចុះសម្រង់ស្ថិតិ និងវាស់វែងកំណត់ព្រំដីព្រែកអូរវែង ដោយសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីផ្ដល់ឯកសារកាន់កាប់ដី មកបង្ហាញជូន ក្នុងការត្រៀមបុកស៉ីផាយ និងស្ថាបនាផ្លូវអមព្រែកអូរវែង ដើម្បីរំដោះការលិចលង់ និងសម្រួលនូវការកកស្ទះចរាចរ សម្រាប់ងាយស្រួលធ្វើដំណើរ។

គួររំលឹកថា ការដុតដៃដុតជើងសម្រុកចុះសម្រង់ស្ថិតតិ និងវាស់វែងកំណត់ព្រុំដីព្រែកអូរវែង ដើម្បីត្រៀមបុកស៉ីផាយ ស្ថាបនាផ្លូវ រំដោះការកកស្ទះចរាចរ ពីសំណាក់មន្ត្រីក្រុមការងារចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវនេះ បានអនុវត្តឡើងភ្លាមៗ ក្រោយពីអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅ និងគ្រប់គ្រងដីនៅសងខាងព្រែកអូរវែង ចាប់ពីចំណុចស្ពានបេតុងក្រោយវត្តទួលសង្កែ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដល់ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ៕