(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមសងខាងផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ដោយចាប់ពីចំណុច សួនច្បារមុខបៀលប្រាយ រហូតដល់ផ្លូវព្រះនរោត្តម ស្តុបជល់ផល ដែលប្រជាពលរដ្ឋដាក់តាំងអីវ៉ាន់ លក់ដូរហៀរមកលើចិញ្ចើមផ្លូវ និងកាត់បង្គោលស្លាកយីហោ ដែលរំលោភលើចិញ្ចើមថ្នល់។

ក្នុងឱកាសចុះរៀបចំនេះ លោកអភិបាលខណ្ឌ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋថា អាជ្ញាធរមិនចង់មករំខានបងប្អូន ក្នុងលក់ដូរចិញ្ចឹមជីវិតនោះទេ តែសូមបងប្អូនត្រូវរក្សាចិញ្ចើមថ្នល់ទុក សំរាប់អ្នកថ្មើរជើងដើរ មិនត្រូវដាក់សម្ភារផ្សេងៗ ឬផ្លាកបាណូទទឹងទទែង នៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់នោះទេ។

ប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរតាមផ្លូវសុធារស់ ប្រាកដជាបានដឹងហើយថា នៅមុខអីអនការចតរថយន្ត ម៉ូតូ និងការចេញចូលផ្សារអីអន តែងតែបង្កការកកស្ទះចរាចរណ៍ តាមផ្លូវលក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ដាក់លក់ យ៉ាងអនាធិបតេយ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។

លោក ថេង សុថុលបានឲ្យដឹងថា លោកបានសម្រេចដាក់ចេញនូវវិធានការ រៀបចំដូចភ្លៀងរលឹម ចំពោះបងប្អូនអាជីវករណា ដែលនៅតែបង្កការយកទីតាំងខាងលើនេះ ដាក់លក់ដូរបែបអនាធិបតេយ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង នឹងមានវិធានការតាមផ្លូវច្បាប់ ដែលពួកគាត់ពីមុនប្រឈមនិងផ្លូវច្បាប់ចំនួន២គឺ ១៖ ខុសច្បាប់ភូមិបាល និង២៖ ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់កំពុង តែល្មើសដូចសព្វថ្ងៃនេះ។

លោកអភិបាលបន្តទៀតថា ដោយទទួលបានបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានី ខណ្ឌតែងតែចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ គឺថា ឥឡូវនេះ បងប្អូនប្រជាពលរដ្ឋ គាត់ចាប់ផ្តើមយល់បណ្តើរៗហើយ ក្នុងការចូលរួមរក្សាចញ្ចើមថ្នល់ សម្រាប់អ្នកថ្មើរជើរ ប៉ុន្តែនៅមានប្រជាពលដ្ឋមួយចំនួនតូច ដែលគាត់ហាក់នៅរេរា មិនទាន់យល់បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នកដំណើរ ដែលបណ្តាលមកពីគាត់ដាក់លក់ដូរ ហៀរមកលើចំណីផ្លូវនេះ ។

ជាមួយគ្នានេះ លោក ថេង សុថុល សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរតាមមុខផ្ទះ ត្រូវដាក់ខិតចូលក្នុងផ្ទះ និងសូមចូលរួមចំណែករក្សាចំណីផ្លូវទុក សម្រាប់អ្នកថ្មើរជើងផងដែរ៕