(កំពង់ចាម)៖ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងអស់នេះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាព ទឹកជំនន់តាមខ្នងផ្ទះ ក្នុងភូមិកំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលប្រជាពលរដ្ឋ១៤៧គ្រួសារ ចំណោម៣៤៧គ្រួសារ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។

ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញ បានរៀបចំនូវប្រពន្ធភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាព សម្រាប់ជួយសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តលើអនាម័យ សុខភាព តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាមួយនោះ ត្រូវប្រយ័ត្នចំពោះសុវត្ថិភាព កូនចៅកុំឲ្យលេងទឹក និងដាក់ឲ្យសម្រាន្ដនៅក្នុងមុងជានិច្ច។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ផងដែរ អំពីសត្វអាសិរពិស ចឹក ទិច ឬខាំ ហើយប្រសិនបើមានករណីនេះកើតឡើង ត្រូវរាយការណ៍ដល់អាជ្ញាធរ និងបញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា ប្រជាពលរដ្ឋមួយចំនួន ដែលពុំមកកាន់ទីទួលសុវត្ថិភាព ក្រោយលំនៅដ្ឋានរបស់ពួកគាត់ មានកម្ពស់ផុតពីទឹកនៅឡើយ បើធៀបទៅនឹងអ្នកបានទៅស្នាក់នៅទីទួលសុវត្ថិភាពហើយនោះ។

បន្ទាប់ពីទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាល បានចុះមកសួរសុខទុកផ្ទាល់ ដល់លំនៅឋានលោកយាយចាស់ជរាម្នាក់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅពេលនេះ៕