(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក សម រង្ស៉ី ពិតជាថ្លើមធំពាសមេឃ ហ៊ានប្រមាថអង្គព្រះមហាក្សត្រ ដែលចាត់ទុកថា ជានយោបាយទុចរិត។ ជាមួយគ្នានេះ លោកបានរំលឹកអំពីប្រវត្តិសាស្រ្តថា តាំងពីដើមមក អ្នកដែលហ៊ានប្រមាថព្រះមហាក្សត្របែបនេះ មានតែពួកក្បត់ជាតិ ប្លន់រាជបល្ល័ង្កតែប៉ុណ្ណោះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម រង្ស៉ី ពីមុនបានចោទគណបក្សដទៃថាជាអាយ៉ង់ វាជារឿងធម្មតានេះជាល្បែងនយោបាយ តែពេលនេះ រង្ស៉ី ថ្លើមធំជាងមេឃហ៊ានយកព្រះចេស្តា ព្រះករុណា ម្ចាស់ផែនដីខ្មែរ មកចោទជាអាយ៉ងសម្តេចតេជោដែរ វាហាក់ដូចជាការជាន់ឈ្លី ព្រះកិត្តិនាមព្រះមហាក្សត្រ ដែលច្បាប់ការពារជាធរមាន»

លោកបានបន្ថែមថា៖ «ក្នុងនាមពលរដ្ឋខ្មែររស់ក្រោមម្លប់ព្រះមហាក្សត្រ រង្ស៉ី មិនគួរមានសម្តីប្រមាថលើព្រះមហាក្សត្រទេ ជាពិសេស រង្ស៉ីជាអ្នកនយោបាយ ដែលត្រូវការពាររាជបល្ល័ង្ក បែរជាប្រមាថព្រះមហាក្សត្រទៅវិញ នេះជាចរិតនយោបាយទុចរិត ហើយជាការប្រមាថជាតិខ្មែរខ្លួនឯង និងព្រះមហាក្សត្រខ្លួនឯង ដែលតាំងពីដើមមកប្រវត្តិសាស្រ្តមិនដែលមាន ហើយបើសិនមាន គឺមានពួកប្លន់រាជបល្ល័ង្កទាំងអស់»

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសដាច់អហង្កាចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបាននិយាយប្រមាថដល់ អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ជាថ្មីម្តងទៀត។

ក្នុងសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះ បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

Advertising