(ភ្នំពេញ)៖ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត (THONGLOUN SISOULITH ) នាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូន សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជាថា ភាគីទាំងពីរ នឹងខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសកម្ពុជា-ឡាវ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការលើកឡើងរបស់ នាយករដ្ឋមន្រ្តីឡាវ បានធ្វើឡើងក្នុងឱកាសដែលលោក ចូលជួបសម្តែងការគួរសមចំពោះសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

នៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីឡាវ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ចំណុចដែលនៅសេសសល់ ភាគីទាំងពីរបានប្រគល់ភារកិច្ចទៅឱ្យក្រសួងការបរទេស ក៏ដូចជាគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បន្តពិភាក្សាដោះស្រាយជាមួយនឹងគ្នា ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តីឡាវ មានជំនឿថា ប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។ លោកសង្ឃឹមថា អង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានល្អបន្ថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍ដ៏កក់ក្តៅចំពោះ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ហើយសម្តេចមានជំនឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តីឡាវ នៅកម្ពុជានាពេលនេះ គឺមានសារៈសំខាន់ដល់ការបន្តខិតខំរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះ បានចាប់ផ្តើមស្ថាបនាឡើងរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវជំនាន់មុន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ និងបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទំាងពីរទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានសង្កេតឃើញថា ប្រមុខរដ្ឋាភិបាល និងមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់។ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការបានល្អប្រសើរ នៅក្នុងវេទិកាពហុភាគីក្នុងក្របខណ្ឌអាស៊ាន CLV, CLMV សហប្រតិបត្តិការមេគង្គ មហាអនុតំបន់មេគង្គ (GMS), ACMECS និងអង្គការសហប្រជាជាតិ។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកប្រទេសឡាវ ជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណសម្បត្តិបន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរបន្តពិនិត្យដោះស្រាយខ្សែបន្ទាត់ព្រំដែន ដែលនៅសេសសល់១៤%ទៀត ដោយឈរលើស្មារតីមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីនាំមកនូវភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរតរៀងទៅ។

សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បាននឹងកំពុងទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនា គ្មានការរើសអើងអំពីនិន្នាការនយោបាយអតីតកាល ជាតិសាសន៍ ជំនឿសាសនា ក្នុងសង្គមឡើយ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យកំណើន សេដ្ឋកិច្ចនៅតែបន្តរីកចម្រើនជាលំដាប់។

សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានមើលឃើញអំពី ការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រជាជន និងប្រទេសឡាវជាបងប្អូន និងសូមប្រសិទ្ធពរជូនបក្សប្រជាជនបដិវត្តឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ទទួលបានជោគជ័យដ៏ធំធេងឧត្តុង្គឧត្តមក្នុងភារកិច្ចការពារ និង កសាងប្រទេស៕