(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER X ចំនួន ៦គ្រឿង ជូនដល់សិស្សនិទ្ទេស A សម្រាប់ខេត្តកំពង់ស្ពឺ។

សិស្សទាំង ៦នាក់ដែលទទួលបាននិទ្ទេស A នៅពេលនេះរួមមាន៖

*ទី១៖ សិស្ស ហង់ សុខខេន មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ (ស្រុកបរសេដ្ឋ)
*ទី២៖ សិស្ស ម៉ុក ច័ន្ទម៉ូលីនដា មកពីវិទ្យាល័យកំពង់ស្ពឺ (ក្រុងច្បារមន)
*ទី៣៖ សិស្ស ភេម ដាណា មកពីវិទ្យាល័យកំពង់ស្ពឺ (ក្រុងច្បារមន)
*ទី៤៖ សិស្ស ទូច វុចហ៊ួ មកពីវិទ្យាល័យត្រែងត្រយឹង (ស្រុកភ្នំស្រួច)
*ទី៥៖ សិស្ស ចេស្ដា ហួតនីតា មកពីវិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ (ស្រុកថ្ពង)
*ទី៦៖ សិស្ស ហ៊ន មិថុនា មកពីវិទ្យាល័យឧដុង្គ (ស្រុកឧដុង្គ)។

លោក វ៉ី សំណាង បានបញ្ជាក់ថា សំរាប់ខេត្តកំពង់ស្ពឺ ចំនួនសិស្សនិទ្ទេស A ប៉ុន្មានក៏បានដែរ ព្រោះថា រង្វាន់មានរាល់ឆ្នាំសំរាប់ចែកជូន ហើយក្មួយៗ ដែលទទួលបានរង្វាន់នៅពេលនេះ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ ហើយត្រូវចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមាន ទៅដល់ប្អូនៗ សិស្សានុសិស្សជំនាន់ក្រោយឲ្យទទួលបាននៅលទ្ធផលល្អដូចក្មួយៗនៅពេលនេះដែរ។

ជាមួយគ្នានេះ សិស្សនិទ្ទេស A ទាំងអស់ បានប្តេជ្ញាចំពោះមុខថា ពួកគេប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីយកចំណេះទាំងអស់មកបម្រើជាតិ ជាពិសេស បម្រើពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់តែម្តង៕