(កំពត)៖ ប្រជាសហគមន៍ព្រៃកោងកាងនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ បានស្នើឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធចាត់វិធានការរកជនល្មើស ដែលលួចកាប់ព្រៃកោងកាង អស់ជាច្រើនហិកតា នៅមាត់សមុទ្រចង្ហោន ដើម្បីយកដីធ្វើជាកម្មសិទ្ធិនាំខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន ដោយមិនលើកលែងទោសឡើយ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រជាសហគមន៍ព្រៃកោងកាងនៅក្បែរមាត់សមុទ្រនៃទីតាំងល្មើសខាងលើ បានបញ្ជាក់ថា កន្លងមកថ្មីៗនេះ មានជនល្មើសដែលមិនស្គាល់អត្តសញ្ញាណ មានគ្នាពី ៥ទៅ១០នាក់ តែងតែចូលលួចទៅកាប់ព្រៃកោងកាងធម្មជាតិ នៅពេលយប់ដែលមានសភាពស្ងប់ស្ងាត់ អស់ជាច្រើនហិកតា នៅតាមបណ្ដោយមាត់សមុទ្រនៃភូមិឃុំខាងលើ ថែមទាំងលួចជីកគេញធ្វើព្រំដីដោយខុសច្បាប់ទៀតផង នៅប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ។

យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់សាលាខេត្តកំពត និងមន្រ្តីជលផល បានបញ្ជាក់ជំហររួមគ្នាថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះទេ។

ប្រជាសហគមន៍ បានបញ្ជាក់ទៀតថា «ការកាប់បំផ្លាញព្រៃកោងកាង ហើយរំលោភយកដីរបស់ជនល្មើស ពួកគេធ្វើឡើងក្នុងអំឡុងប្រមាណ ១ខែកន្លងមកនេះ ដោយគ្មានអាជ្ញាធរ ឬស្ថាប័នជំនាញពាក់ព័ន្ធណាបានដឹងឡើយ ក្រៅពីប្រជាសហគមន៍កោងកាងប៉ុន្មានគ្រួសារ នៅជិតកន្លែងបំផ្លាញកោងកាងខាងលើ ដោយទីតាំងដែលពួកជនល្មើសកាប់បំផ្លាញនោះ នៅពេលយប់មានសភាពស្ងប់ស្ងាត់គ្មានមនុស្សណាម្នាក់ដើរឆ្លងកាត់ទីនោះឡើយ»។

បើតាមប្រភពព័ត៌មាន ពួកគាត់ធ្លាប់រាយការណ៍ជូនអាជ្ញាធរភូមិឃុំផងដែរ ជាពិសេសប្រធានសហគមន៍កោងកាងនោះតែម្តង ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែគ្មានវិធានការណាមួយបង្ក្រាប នូវរូបភាពបទល្មើសខាងលើនេះឡើយ។ ដូច្នេះពួកគាត់ស្នើ និងសំណូមពរដល់អាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធត្រូវចាត់វិធានការយ៉ាងតឹងរឹងបំផុតចំណោះពួកជនល្មើស ដែលមិនខ្លាចច្បាប់ ខាងលើ។

មន្ត្រីសាលាខេត្តកំពត ដោយសូមមិនបង្ហាញឈ្មោះ បានលួចបង្ហើបឲ្យដឹងថា បើតាមការអង្កេតស្រាវជ្រាវនៅប៉ុន្មានថ្ងៃចុងក្រោយនេះ តម្រុយនៃបទល្មើសបានបង្ហាញឲ្យឃើញខ្លះៗហើយ គឺពួកជនល្មើសដែលលួចកាប់បំផ្លាញព្រៃកោងកាងធម្មជាតិខាងលើ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះតែម្តង ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នេះ ជាអ្នកស៊ីឈ្នួលកាប់ឲ្យអ្នកនៅពីក្រោយខ្នង ដែលមានលុយ មានអំណាច ១ទៅ២នាក់ប៉ុណ្ណោះ ហើយមន្ត្រីនោះនៅធ្វើការងារជាមន្ត្រីរាជការក្នុងខេត្តកំពតតែម្តង ហើយត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។ ប៉ុន្តែគេមិនត្រូវបានបង្ហាញឈ្មោះ ឱ្យដឹងនៅឡើយទេ ដោយទុកធ្វើការស្រាវជ្រាវដាក់បន្ទុកភស្តុតាងបន្ថែមទៀត។

លោក ស សុរិន្ទ នាយខណ្ឌរដ្ឋបាលជលផលកំពត បានឲ្យដឹងថា ក្រោយពីលេចឮព័ត៌មានថា ជនល្មើសមិនស្គាល់អត្តសញ្ញាណ បានលួចកាប់បំផ្លាញព្រៃកោងកាងធម្មជាតិ រំលោភយកដីមាត់សមុទ្រ ធ្វើជារបស់ខ្លួននោះ ភាគច្រើននៅពេលយប់ជនល្មើសតែងឆ្លៀតឱកាសចូលលួចកាប់ទន្ទ្រានដោយគ្មានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាបានដឹងឡើយ នៅពេលកម្លាំងជលផលរបស់លោក បានចុះទៅដើម្បីពួនស្ទាក់ធ្វើការបង្ក្រាបនៅពេលយប់ ក៏ដូចពេលថ្ងៃ។ ពួកនោះតែងតែដឹងនូវសកម្មភាពដែលកម្លាំងជំនាញចុះទៅពិនិត្យស្រាវជ្រាវនិងបង្ក្រាបនេះ។ តែទោះជាយ៉ាងណា កម្លាំងជំនាញរបស់លោកតែងតែឃ្លាំមើលជាប់ជាប្រចាំមិនឱ្យមានសកម្មភាពល្មើសបន្តទៀតឡើយ។

លោក នៃ គង់ អភិបាលរងខេត្តកំពត និងជាប្រធានទទួលបន្ទុកឆ្នេរ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា ចំពោះករណីល្មើសខាងលើ លោកបានដឹងហើយ។ លោកក៏ចាត់តាំងឱ្យជំនាញស្ថាប័នជលផលកំពត ចុះទៅពិនិត្យ និងស្រាវជ្រាវ ដើម្បីស្វែងរកជនល្មើស និងអ្នកនៅពីក្រោយយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ីល សុផល អភិបាលរងខេត្តកំពត ក៏បានចុះទៅសំណេះសំណាល ជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែចំនួន ៣៣គ្រួសារ ឃុំព្រែកត្នោត ខេត្តកំពតផងដែរ។

រាយការណ៍ជូនលោករដ្ឋមន្រ្តីជ្រាប លោក សឹម ហីម ប្រធានសហគមន៍នេសាទ បានឲ្យដឹងថា សហគមន៍នេះ បានបង្កើតឡើងនៅឆ្នាំ ២០០៩ ចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅក្រសួងកសិកម្ម ក្នុងឆ្នាំ២០១១ បច្ចុប្បន្ន សមាជិក៧៣៤នាក់ អញ្ជើញមកពី៥២៧គ្រួសារ មានផ្ទៃដី៣៣៧ហិកតា គ្របដណ្តប់ទូទាំងឃុំព្រែកត្នោត មាន៣ភូមិ ក្នុងនោះ មានផ្ទៃដីព្រៃកោងកាង៣៧ហិកតា ដាំបន្ថែមបាន៣ម៉ឺនដើម ហើយក៏មានគម្រោងដាំបន្ថែមទៀត ដើម្បីពង្រីកផ្ទៃដីឈើកោងកាងសម្រាប់ ជាប្រយោជន៍ដលប្រជាសហគមន៍ នាពេលអនាគត។

ដោយឃើញពីសក្តានុពលព្រៃកោងកាង លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត និងបន្តគាំទ្ររាល់សកម្មភាពអភិវឌ្ឍ និងអភិរក្សរបស់សហគមន៍ ដើម្បីការពារតំបន់នេះ ដែលជាសម្បត្តិធម្មជាតិរបស់ជាតិ និងនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចសហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ក្រៅពីនេះ លោករដ្ឋមន្រ្តីបានណែនាំឲ្យប្រធានសហគមន៍ និងសមាជិក ខិតខំសិក្សារៀនសូត្របន្ថែមទាក់ទងការងារគ្រប់គ្រង ដឹកនាំសហគមន៍ ទេសចរណ៍ ផ្ទះសំណាក់ និងសេវាកម្មផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍសហគមន៍នេះឲ្យមានការរីកចម្រើនថែមទៀត។

ដោយឡែក រដ្ឋបាលជលផល សហការជាមួយមន្ទីរសិក្សាពីលទ្ធភាពបង្កើតអាជីពបន្ថែមដូចជាចិញ្ចឹមត្រី ដើម្បីបង្កើនប្រាក់ ចំណូល។ យោងលើសំណូមពររបស់លោកប្រធានសហគមន៍ ទាក់ទងបទល្មើសនេសាទ លោកបានណែនាំឲ្យរដ្ឋបាលជលផល មន្ទីរ និងសហគមន៍ចាត់វិធានការឲ្យបានទាន់ពេលវេលា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន៕