(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្ដាលឲ្យខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង។

តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពនេះពាក់ព័ន្ធឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវ និងវៀតណាម ហើយបច្ចុប្បន្ន បានរំកិលចុះក្រោមកាត់លើកម្ពុជា ក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។

ក្រសួងធនធានទឹក ក៏បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា បណ្ដារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ស្ពឺ, តាកែវ, ពោធិ៍សាត់, ព្រៃវែង, ស្វាយរៀង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ៕