(ភ្នំពេញ)៖ រយៈពេល០៨ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន៧,៨១០.៥៦ប៊ីលានរៀល ស្មើប្រមាណ១,៩៥២.៦៤ លានដុល្លារអាមេរិក កើនឡើងស្មើនឹង២៩.៨៩% ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវនវានុវត្តន៍ប្រកបដោយនិរន្តរភាព ដោយការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការទ្វើទំនើបកម្មពន្ធដារ ដែលថ្មីៗនេះរូមមាន ជាការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ E-VAT ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ។

លោកបានកោតសរសើរដល់គ្រប់អង្គភាព ចំពោះការចូលរួមចំណែកក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម ៖

* ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

* បន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។

* បន្តជំរុញការអនុវត្ត ដល់អ្នកជាប់ពន្ធអំពីការប្រើប្រាស់ ក៏ដូចជាផ្សព្វផ្សាយអំពីនីតិវិធីនៃការកែប្រែ ព័ត៌មានរបស់អ្នកជាប់ពន្ធក្នុងប្រព័ន្ធអនឡាញ (Online) សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅគ្រប់គ្រងការបង្វិលសង និងការប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែម Online-VAT Refund and Online-VAT Credit ឱ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ។

* បន្តជំរុញនិងពន្លឿនការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដោះស្រាយបញ្ហាប្រឈមនិងអសកម្មនានា ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ទាន់ពេលវេលាជូនអ្នកជាប់ពន្ធ និងជាពិសេសកាត់បន្ថយឱ្យបានជាអតិបរមា នូវការមិនពេញចិត្តពីអ្នកជាប់ពន្ធ។

* បន្តយកចិត្តទុកដាក់ ចំពោះការងារគ្រប់គ្រងប្រមូលចំណូលពន្ធ លើអចលនទ្រព្យប្រចាំឆ្នាំ ២០១៩ ដែលនឹងផុតកាលបរិច្ឆេទបង់ពន្ធនៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ និងការងារគ្រប់គ្រងប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៩ ដោយជម្រុញការផ្សព្វផ្សាយ និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យមកបង់ពន្ធឱ្យបានទាន់ពេលវេលានិងត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ និងទោសទ័ណ្ឌផ្សេងៗ។

* បន្តជំរុញកិច្ចសហការជាមួយរដ្ឋបាលខេត្តនានា និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការពង្រឹងនិងជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធក្នុងខេត្ត៕