(កណ្ដាល)៖ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍ផ្លូវទឹកជាបណ្ដោះអាសន្ន នៅស្ពានព្រែកតាមាក់ គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។

សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ បានបញ្ជាក់ថា ដោយសារមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំង នៅសសរស្ពានព្រែកតាមាក់ ហើយក្រុមការងារបច្ចេកទេសកំពុងជួយសង្រ្គោះ ដូចនេះមន្ទីរសាធារការ សូមធ្វើការបិទចរាចរណ៍នាវា ជលយាន ជលយានគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាលជាបណ្ដោះអាសន្ត ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៩ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមជម្រាបថា ហេតុការណ៍សាឡង់ដឹកខ្សាច់ធំមួយ បានបុកគៀបជាប់សសរស្ពានព្រែកតាមាក់ កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ។ រហូតមកទល់ពេលនេះ ក្រុមការងារបច្ចេកទេស ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធកំពុងតែរៀបចំយកសាឡង់នោះចេញយ៉ាងយកចិត្តទុកដាក់ ខណៈដែលនៅកន្លែងកើតមានស្ថានភាពទឹកហូរយ៉ាងខ្លាំង ជាហេតុធ្វើឲ្យមានលំបាកដល់ប្រតិបត្តិការនេះ៕