(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈម កង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកឧញា កុក អាន ប្រធានក្រុមហ៊ុនអានកូរ (វ៉ធើរសឹបផ្លាយ) ប្រចាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញនៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បានបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងបង្កើនការតបណ្តាញទុយោមេមានមុខកាត់ចាប់ពី ៤០០ រហូតដល់ ៦០០ជាច្រើនខ្សែ និងបង្កើនការសាងសង់អាងផលិតទឹករហូតដល់ ១០០.០០០ម៉ែត្រគូប និងបន្តចែកចាយទឹកមកក្នុងខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ១០.០០០ម៉ែត្រគូប ក្នុងឆ្នាំ២០១៦ និង៣៥.០០០ម៉ែត្រគូប ក្នុងឆ្នាំ២០១៩នេះ។

បច្ចុប្បន្នក្រុមហ៊ុនមានស្ថានីយផលិតទឹកស្អាតមួយ ស្ថានីយទប់ទឹក និងចែកចាយទឹកមួយនៅជិតរោងចក្រ RCI ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ព្រមទាំងមានគម្រោងសាងសង់ស្ថានីយទី៣ ទប់ទឹកនៅពេលខាងមុខដើម្បីបង្កើនបរិមាណទឹកចែកចាយជូនប្រជាពលរដ្ឋ និងទីតាំងអាជីវកម្មនានាក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួន មានដូចជា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

លោក គួច ចំរើន បានថ្លែងថា រដ្ឋបាលខេត្ត បានរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ទោះបីថារដូវភ្លៀងក៏ដោយ តែតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ នៅតែប្រឈមនិងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងដោយសារតែខេត្តព្រះសីហនុ ជាតំបន់ខ្ពង់រាប មានកន្លែងខ្ពស់ខ្លះមិនមានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃ។

អភិបាលខេត្ត ក៏បានជម្រុញឱ្យក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បង្កើនសមត្ថភាពផលិតទឹកស្អាតបន្តចែកចាយជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម នៅពេលបច្ចុប្បន្ន។ ដោយសាររយៈពេលពីរឆ្នាំចុងក្រោយនេះ កំណើនការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក កំណើននៃការប្រើប្រាស់ទឹកស្អាតមានការកើនឡើងផងដែរ ដែលទាមទាឱ្យក្រុមហ៊ុនបង្កើនការផលិតនិងចែកចាយបន្ថែមអាងទប់ទឹក ដើម្បីសហការជាមួយអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតនាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាលទ្ធផលក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បានឯកភាពតាមការណែនាំរបស់អភិបាលខេត្តព្រះសីហនុ បង្កើនការផលិតផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ តាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងមូល៕