(សៀមរាប)៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឪ វន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ដែលរងគ្រោះដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៣០នាទីកន្លងទៅ នៅចំណុចក្នុងក្រុមទី៣ ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ ខេត្តសៀមរាប បណ្តាលឲ្យបាត់បង់លុយ និងទ្រព្យសម្បត្តិគិតជាទឹកប្រាក់សរុបជិត ៣ម៉ឺនដុល្លា។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រោមកិច្ចសហការណ៍ដឹកនាំផ្ទាល់ពី លោកឧត្តមសេនីត្រី ភឹង ចិន្តារ៉េត និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ព្រមទាំងដោយ មានការសម្រប សម្រួលពីលោកកើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានបើកការស្រាវជ្រាវ នៅបរិវេណកន្លែងកើតហេតុ នឹងបានធ្វើការកំណត់មុខសញ្ញាជនសង្ស័យ។

លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ខណៈដែលកម្លាំងនគរបាលក្រុងសៀមរាបយើងកំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡិនដ័រ ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-7428 ដូចនឹងភិនភាគរថយន្ត ដែលជនសង្ស័យ ជិះធ្វើសកម្មភាពខាងលើ ហើយក៏បានតាមឃ្លាំមើល រហូតដល់ពេលព្រលប់រថយន្តនេះ បានបើកចូល ទៅឈប់ នៅខាងមុខសណ្ឋាគា តាន់កង ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់មកកម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ដោយមានការឯកភាពពីលោកស្នងការ បានធ្វើការឃាត់ខ្លួន និងនាំជនសង្ស័យដែលជិះក្នុងរថយន្តនេះ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

យោងតាមការសាកសួរ ដែលដឹកនាំអនុវត្តនីតិវិធីដោយ លោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារនគរបាលយុត្តិធម៍ បានអោយដឹងថា ជនសង្ស័យ រូបនេះ ឈ្មោះ តែល ផាន់នី ហៅ នី ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មគោល២ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពប្រព្រឹត្តអំពើ ដូចខាងលើប្រាកដមែន ចំណែកឯ ទ្រព្យសម្បត្តិ និងលុយ ដែលលួចបាន ជនសង្ស័យរូបនេះ បានយក ទៅលក់ ដើរចាយ អស់ហើយ។

*វត្ថុតាងដកហូតបាន រថយន្តមួយគ្រឿង ម៉ាកហាយឡិនដ័រ ព៌ណទឹកប្រាក់ ពាក់ផ្លាលលេខ ភ្នំពេញ 1AS-7428។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលព្រហ្មទណ្ឌសៀមរាប រៀបចំកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕