(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅវត្តចាស់ ស្រុកបសេដ្ឋ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានប្រជាជន ចំនួន៤៥០នាក់ អញ្ជើញមកពីឃុំចំនួន៣ គឺឃុំបសេដ្ឋ ឃុំព្រះខែ និងឃុំផុង។

នាឱកាសនោះ ក្រោយការស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅរបស់ស្រុក ដែលរាយការណ៍ដោយលោក ឈឺន សុធន អភិបាលនៃ គណៈអភិបាលស្រុកបសេដ្ឋរួចមក លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យសាលារៀន ផ្សារស្ពានផ្លូវថ្នល់ធំៗ ខ្វាត់ខ្វែងទូទាំងផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងសតវត្សរ៍កន្លងមក។

ការវិនិយោគពីក្នុង និងក្រៅប្រទេសត្រូវបានបើកទូលាយ និងជំរុញលើកទឹកចិត្ត ដើម្បីផ្តល់ការងារជូនប្រជាជន ជាពិសេសក្មួយៗយុវជន កម្មករ កម្មការិនីរោងចក្រទូទាំងប្រទេស បានទទួលការតម្លើងប្រាក់ខែជារៀងរាល់ឆ្នាំ។ ដោយឡែកនៅស្រុកបសេដ្ឋ ដែលមានកម្មករ កម្មការិនីចំនួនប្រមាណ៣១.០០០នាក់ទទួលបានប្រាក់ចំណូលសរុបប្រមាណ ៧៤.៤០០.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាចំនួនដ៏ច្រើន ចូលរួមដល់ការអភិវឌ្ឍ និងធ្វើឱ្យជីវភាពប្រជាជន នៅស្រុកបសេដ្ឋ កាន់តែមានភាពធូរធា រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លើសពីនេះទៀត រាជរដ្ឋាភិបាលក្រោមការដឹករបស់សម្តេចតេជោ ហ៊ុនសែន បានបង្កើនប្រាក់ខែមន្ត្រីរាការ ស៊ីវិល យោធា នគរបាលជារៀងរាល់ឆ្នាំ ដែលមកដល់បច្ចុប្បន្នទទួលបាន ប្រាក់ខែទាបបំផុត១.០០០.០០០រៀល។ ប្រព័ន្ធគាំពារសង្គម ត្រូវបានបង្កើតកាត់បន្ថយការចំណាយ និងលើកម្រិតជីវភាពតាមរយៈការផ្តល់ជូនបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដល់មន្ត្រីរាជការស៊ីវិល មន្ត្រីចូលនិវត្តន៍ អតីតយុទ្ធជន កម្មករ កម្មការិនី ដើម្បីទទួលបានសេវាពិនិត្យ ព្យាបាលជំងឺដោយឥតគិតប្រាក់ ហើយស្ត្រីក្រីក្រមានផ្ទៃពោះបានឧបត្ថម្ភសាច់ប្រាក់។

បន្ទាប់ពីបានស្តាប់សំណូមពរជាច្រើន ដែលលើកឡើងទាក់ទងនឹងបញ្ហាឡានដឹកដី ប្រឡាយទឹក អគ្គីសនី ការធ្វើលិខិតបញ្ជាក់ផ្សេងៗរបស់ប្រជាជន ក្នុងវេទិការរួចមក លោកទេសរដ្ឋមន្ត្រីបានអញ្ជើញអភិបាលនៃអភិបាលស្រុកបរសេដ្ឋ និងតំណាងការិយាល័យជំនាញពាក់ព័ន្ធឆ្លើយបំភ្លឺ និងដោះស្រាយក្នុងដែនសមត្ថកិច្ចនីមួយៗ។ ចំពោះបញ្ហាធំៗដែលមិនអាចដោះស្រាយបាននៅថ្នាក់ស្រុក លោកទេសរដ្ឋមន្ត្រី នឹងលើកសំណូមពរបន្តទៅថ្នាក់ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការពាក់ព័ន្ធ នៅស្រុកបសេដ្ឋ ត្រូវយកចិត្តទុកដាក់បំពេញការងារ ផ្តល់សេវាសាធារណៈឱ្យបានល្អដល់ប្រជាជន ជៀសវាងដាច់ខាត នូវអំពើអសកម្មផ្សេងៗ តាមអភិក្រមរបស់រាជរដ្ឋាភិបាល «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសុខសន្តិភាព និងកាអភិវឌ្ឍប្រទេស និងមិនត្រូវជឿតាមការញុះញង់ ពួកអគតិទាំងឡាយ ដែលនាំប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ និងសង្គ្រាមសារជាថ្មី៕