(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចអស់រយៈពេលពេញមួយថ្ងៃ លោកក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីឡាវ បានបញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

អំឡុងពេលបំពេញទស្សនកិច្ចនៅថ្ងៃទី១នេះ លោកបានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន, អញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ចូលគោរពបំពាក់កម្រងផ្កាជូនបុព្វបុរសខ្មែរនៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រមទាំងចូលជួបសម្តែងការគួរសម ចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជានេះ នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ។ ភាគីទាំងពីរ ក៏បានចេញសេចក្តីថ្លែងការណ៍រួមចំនួន១២ចំណុច បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីឡាវ មកកាន់កម្ពុជាផងដែរ។

តាមការគ្រោងទុក នៅវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ លោក ថោងលូន ស៊ីស៊ូលីត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ ចាកចេញពីប្រទេសកម្ពុជាតែម្តង បន្ទាប់ពីចូលជួបសម្តែងការគួរសម ចំពោះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីរួចរាល់៕