(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចសុខភាពប្រជាពលរដ្ឋ និងរដូវកាន់បិណ្ឌ បុណ្យភ្ជុំ ដូចមកដល់ផងនោះ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ុន ចំរើន ប្រធានស្តីទី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្តីជំនាញកាំកុងត្រូល បានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន ៖ ស្ពៃជ្រក់ សណ្តែកបណ្តុះ សសៃមី សរសៃគុយទាវ ត្រីងៀត និងសាច់ក្រក ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងបន្តថា ជាលទ្ធផល នៃការចុះអង្កេតទំនិញ នៅផ្សារលើនេះ មន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ និងពុំមានការដាក់តាំងលក់ ផលិតផលខូចគុណភាពនោះទេ។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕