(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងទទួលទានអាហារថ្ងៃត្រង់ ជាលក្ខណៈឯកជនហើយនោះ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានបន្តការងារទស្សនកិច្ចរបស់លោកនៅកម្ពុជាបន្តទៀត។

នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងបានចូលគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

សូមមបញ្ជាក់ថា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជានេះ នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ៕