(ភ្នំពេញ)៖ កម្ពុជា-ឡាវ បានឯកភាពគ្នាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ នេះបើតាមចេញសេចក្តីថ្លែងការណ៍រួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សេចក្តីថ្លែងការណ៍រួមខាងលើនេះ បានបង្ហាញបន្ទាប់ពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បានបញ្ចប់នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់កំរិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌»

សេចក្ដីថ្លែងការណ៍រួមបានគូសបញ្ជាក់ថា ភាគីទាំងពីរ នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែង នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

សេចក្ដីថ្លែងការណ៍រួម បន្ថែមទៀតថា ភាគីទាំងពីរ បានបញ្ជាក់ជាថ្មី ពីការទុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងការគោរពគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់គ្នាទៅវិញទៅមក ការមិនប្រើប្រាស់កម្លាំងឬ ការគម្រាមប្រើកម្លាំង ការដោះស្រាយទំនាស់ដោយសន្តិវិធី ព្រមទាំងមិនអនុញ្ញាត ឲ្យក្រុមអ្នកនយោបាយ ឬកម្លាំងប្រដាប់អាវុធបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។

គូសបញ្ជាក់ថា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា៕