(ភ្នំពេញ)៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទសទាំងពីរ, លោក ថងលូន ស៊ីស៊ីលីត ក៏បានប្រកាសជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលខ្លួនថា ប្រទេសឡាវដែលជាភូមិផងរបងដ៏ល្អ របស់កម្ពុជានោះ មិនអនុញ្ញាតដាច់ខាតឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ប្រទេសឡាវ ចូលមកបំផ្លិចបំផ្លាញប្រទេសកម្ពុជានោះឡើយ ហើយរដ្ឋាភិបាលក្រុងវៀងច័ន្ទ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជាទីបំផុត។

ការប្រកាសជំហរដ៏រឹងមាំជូនភាគីកម្ពុជា ពីសំណាក់នាយករដ្ឋមន្រ្តីឡាវខាងលើនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន នាវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាពនា កំលុងទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជារយៈពេល ២ថ្ងៃ។

លោក ថងលូន ស៊ីស៊ូលីត បានប្រកាសពីជំហររដ្ឋាភិបាលរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំទើបបានព័ត៌មានពីសម្ដេចតេជោ ហ៊ុន សែន មុននេះ។ ខ្ញុំសូមបញ្ជាក់ថា បុគ្គលណាដែលមានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកឡាវជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងដំណើរការ យ៉ាងម្មត់ចត់ យើងនឹងធ្វើការយ៉ាងម្មត់ចត់ មិនឲ្យកើតបញ្ហានេះឡើង»

ឆ្លើយតបការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដៅទៅដល់អ្នកវិភាគមួយរូបថា ប្រទេសឡាវ នឹងផ្ដល់ទីតាំងឲ្យបុគ្គល សម រង្ស៊ី ឆ្លងកាត់នោះ, លោក ថង់លូន ស៊ីស៊ូលីត ក៏បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា វាជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត ដែលមានបំណងបង្កើតការបែកបាក់រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ។

នាយករដ្ឋមន្ដ្រី ថង់លូន បានបញ្ជាក់ជូនសមភាគី និងជនជាតិកម្ពុជាទូទាំងប្រទេសយ៉ាងដូច្នេះថា៖ «ដោយឡែកចំពោះប្រទេសកម្ពុជា ដែលជាមិត្តភ័ក្រ ករណីនេះមិនពិតដូចគេនិយាយនោះទេ [...] ជាព័ត៌មានមិនល្អ បង្កើតភាពបំបែកឲ្យប្រទេសឡាវ និងកម្ពុជា»

សម្រាប់ទណ្ឌិត សម រង្ស៊ី, សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងនាមជាមេដឹកនាំកំពូល និងជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិត សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង។ ខ្ញុំក៏សូមបញ្ជាក់ជូន ផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ»

សូមបញ្ជាក់ថា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា៕

Advertising