(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរកឃើញសាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន៦ ក្នុងចំណោមសាលាចំនួន ១៨ ដែលចូលរួមប្រកួតប្រជែងបានទទួលជ័យលាភីសាលាមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន ហើយពិធីប្រកាសជ័យលាភីការប្រកួតប្រជែង សាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា និងតំណាងសាលានានាដែលបានចូលរួមប្រកួត នៅទីស្តីការក្រសួងបរិស្ថាន។

សាលាជ័យលាភីទាំង ៦ នោះរួមមានទី១៖ សាលាបឋមសិក្សាស្វាយជ្រំ មកពីខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់កម្រិតមាស, ទី២៖ សាលាបឋមសិក្សាគិរីសុវណ្ណវង្សមកពីខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់, ទី៣៖ សាលាបឋមសិក្សា ហ៊ុន សែន ឬស្សីជ្រោយ ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធ, ទី៤៖ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ មកពីខេត្តឧត្តមានជ័យ ទទួលបានចំណាត់ថ្នាក់កម្រិតមាស ទី៥៖ វិទ្យាល័យ ២៨ មករា មកពីខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ និងទី៦៖ វិទ្យាល័យពេជ្រចិន្តា មកពីខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធ។

នៅក្នុងឱកាសនោះដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ជាពិសេសក្រុមការងារមកពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ប្រសើររហូតទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សំគាល់ និងសូមកោតសរសើផងដែរ ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សា ដែលបានចូលរួមក្នុងចលនាប្រឡងប្រជែងមេត្រីភាពបរិស្ថាន។

រដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ «គំនិតផ្តួចផ្តើមនេះ ជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀត ដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើក្នុងចំណោមកុមារ សិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួល ក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន»

លោក សាយ សំអាល់ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាដទៃទៀត ដែលបានចូលរួម ក្នុងការប្រកួតប្រជែងថ្នាក់ជាតិ នៅឆ្នាំ២០១៩នេះ បើទោះបីជាមិនបានជាប់ជាជ័យលាភី ប៉ុន្តែបានបង្ហាញពីឆន្ទៈ និងភាពជាអ្នកដឹកនាំគំរូសំដៅ ធ្វើយ៉ាងណារក្សាឱ្យបាននូវសាលាអនុវត្តតាមស្តង់ដាសាលាមេត្រីបរិស្ថាន ដោយបានគូសបញ្ជាក់ថា៖ «ខ្ញុំមានជំនឿជឿជាក់ថាដ៏រាបណាយើង នៅមានក្តីសង្ឃឹម និងដាក់គោលដៅឱ្យបានច្បាស់លាស់ នោះនៅឆ្នាំបន្តបន្ទាប់ប្រាកដ ជាទទួលបានជ័យលាភីជាក់ជាពុំខាន។ ទោះបីជាយ៉ាងណាក៏ដោយការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន ពុំមែនជាការបន្តុះបង្អាប់ចំពោះសាលារៀនដែលមិនមែនជាជ័យលាភីនោះទេ ប៉ុន្តែជាការជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ ថែរក្សា និងគាំពារបរិស្ថាន ហើយក៏ជាឱកាសចែករំលែកបទពិសោធន៍ និងរៀនសូត្រឧត្តមានុវត្តពីគ្នាទៅវិញទៅមកផងដែរ»

លោក សាយ សំអាល់ សង្ឃឹម និងជឿជាក់ថា សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំក្រោយៗទៀត នឹងមានការចូលរួមពីគ្រឹះស្ថានអប់រំ ទាំងសារធារណៈនិងឯកជន កាន់តែច្រើនថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងពីវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ រដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមគាំទ្រលើការងារបរិស្ថានកន្លងមក និងសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូធ្លាប់គាំទ្រ និងដៃគូមិនទាន់គាំទ្រ ពិចារណាគាំទ្រដល់ការកសាងធនធានមនុស្សលើវិស័យបរិស្ថានជាអាទិភាព ហើយបន្តការគាំទ្រ និងចូលរួមទាំងអស់គ្នាជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបុព្វហេតុបរិស្ថានល្អប្រសើរនៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គោលបំណងរបស់យើងទាំងអស់គ្នា ដែលខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចនឿយហត់ នៅពេលនេះ គឺដើម្បីក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នាប្រែក្លាយកម្ពុជា ជាប្រទេសមាន ចំណូលខ្ពស់ រឹងមាំ សង្គមយុត្តិធម៌ ពលរដ្ឋមានសមត្ថភាព និងបរិស្ថានរស់នៅល្អប្រសើរ។ ដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែង របស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងប្រទេសកម្ពុជា៕

បន្ថែមពីនេះ លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

លោកស្រីបានថ្លែងថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា មិនត្រឹមតែជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រតិបត្តិមេត្រីភាពបរិស្ថាន តែក្នុងបរិវេណសាលារៀន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តនៅក្នុង សហគមន៍ជុំវិញសាលារៀនផងដែរ ដោយចាំបាច់ត្រូវមានកិច្ចសហការ ពីអាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ក្នុងសហគមន៍ទាំងអស់ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ៤ចំណុច នៃសាលាមេត្រីបរិស្ថាន។

លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន ទី១៖ មានគោលការណ៍ និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន, ទី២៖ មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣៖ មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤៖ មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍។

លោកស្រី ទន់ សាអ៊ីម បានបញ្ជាក់ថា ការចូលរួមរបស់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងជាពិសេសអាណាព្យាបាលសិស្សានុសិស្ស ក្នុងចលនាសាលា មេត្រីបរិស្ថាន ជាកត្តាចាំបាច់ និងមានសារសំខាន់បំផុត ព្រោះថាតួអង្គទាំងអស់នេះសុទ្ធតែមានអន្តរអំពើទៅវិញទៅមក។ អន្តរអំពើនៅត្រង់ថា សាលារៀន ពឹងអាណាព្យាបាលសិស្សដើម្បីនាំកូនមករៀន ចំណែកអាណាព្យាបាលសិស្សពឹងសាលារៀន ដើម្បីឱ្យកូនបានសិក្សា នូវទទួលចំណេះដឹង ទៅអនាគត សម្រាប់បុព្វហេតុអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។ ដូចនេះ សាលារៀនចាំបាច់ត្រូវសហការជិតស្និត ជាមួយអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធដ៏ទៃទៀតក្នុងសហគមន៍របស់ខ្លួន ដូចជាវត្តអារ៉ាម ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរដែនដី ដើម្បីធានាឱ្យបាននូវការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដូចនឹងទិសស្លោកថា «ទាំងអស់គ្នាដើម្បីបរិស្ថាន បរិស្ថានដើម្បីទាំងអស់គ្នា»