(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្ហាញវីដេអូ ចំនួន៣ នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ដែលជាអំណះអំណាងផ្លូវច្បាប់ នាំឱ្យមានការចាប់ខ្លួន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

វីដេអូនេះ លោក កឹម សុខា បានបញ្ជាក់ដោយខ្លួនឯងយ៉ាងច្បាស់ថា តាំងពីឆ្នាំ១៩៩៣ បន្ទាប់ពីខ្លួនជាប់ឆ្នោតជាតំណាងរាស្ត្រដំបូង លោកត្រូវបានសហរដ្ឋអាមេរិក ហៅឱ្យទៅសហរដ្ឋអាមេរិកមុនគេបង្អស់ ក្នុងនាមអ្នកនយោបាយខ្មែរ ហើយរហូតឱ្យលោកលាលែង ពីគណបក្សនយោបាយដែលកំពុងឈរឈ្មោះ តាមការបង្គាប់បញ្ជារបស់បរទេស នៅឆ្នាំ២០០២ ដោយបានបង្កើតអង្គការមួយដែលមានឈ្មោះថា «មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។

តាមរយៈវីដេអូនោះ លោក កឹម សុខា បានបញ្ជាក់ថា ដើម្បីអនុវត្តនយោបាយរបស់ខ្លួនឱ្យទទួលបានជោគជ័យនោះ សហរដ្ឋអាមេរិកបានណែនាំឱ្យលោកយកគម្រូ តាមការធ្វើបដិវត្តន៍របស់ប្រទេសយ៉ូហ្គោលស្លាវី និងប្រទេសស៊ែប៊ី ដែលបានផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយបានចោទថា ជារបបដឹកនាំផ្តាច់ការ។

ហើយផែនការដើម្បីធ្វើបដិវត្តន៍ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា លោក កឹម សុខា បានបញ្ជាក់បន្ថែមទៀតថា គឺលោកមិនមែនធ្វើតាមការនឹកឃើញរបស់ខ្លួនលោកតែម្នាក់ឯងនោះទេ គឺលោកទទួលបានការបណ្តុះបណ្តាលពីក្រុមអ្នកជំនាញការ សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យក្នុងទីក្រុងវ៉ាស៊ីនតោន និងប្រទេសកាណាដា ដែលអាមេរិកបានជួលមក ដើម្បីផ្តល់ជាយុទ្ធសាស្ត្រដល់លោក ដើម្បីផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។

ពាក់ព័ន្ធនឹងលាតត្រដាងរបស់ លោក កឹម សុខា អំពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានេះ នាពេលកន្លងទៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានចោទជាសំណួរថា តើចំពោះរឿងនេះ លោក កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិកតែម្នាក់ឯង ឬក៏អាមេរិកជាអ្នកចោទប្រកាន់ លោក កឹម សុខា?

សូមបញ្ជាក់ថា ការចេញវីដេអូចំនួន៣ ដែលជាមូលហេតុនាំឱ្យមានការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញវីដេអូមួយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើ លោក កឹម សុខា។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ លោក ស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានរលឹកទៀតថា «ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្តូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណាដែលរំលោភរដ្ឋធម្មនុញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន»

ខាងក្រោមនេះជាវីដេអូ ដែលបង្ហាញដោយក្រសួងយុត្តិធម៌៖