(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ជាពិសេសបេក្ខជនខេត្តពោធិ៍សាត់ ដែលបានទទួលនិទ្ទេស A ទាំង០៧រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅបន្ទប់ការិយាល័យផ្ទាល់របស់លោក នាសាលាខេត្តពោធិ៍សាត់។

បេក្ខជនទាំង០៧រូប ក្នុងម្នាក់ត្រូវបានទទួល កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង និងថវិកា ៣០ម៉ឺនរៀល ដើម្បីលើកទឹកចិត្ត និងអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង។ ដោយឡែក លោកគ្រូ អ្នកគ្រូ ១២នាក់ ម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល, អាណាព្យាបាលសិស្ស ១៤នាក់ ម្នាក់ៗទទួលបានសារុង៣ និងថវិកា ៥ម៉ឺនរៀល។

លោក ម៉ៅ ធនិន បានសម្តែងអារម្មណ៍មោទនភាពខ្ពស់ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្រ របស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យ ប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ជាពិសេសខេត្តពោធិ៍សាត់ ទទួលបាននិទ្ទេស A ចំនួន០៧នាក់។

ជាមួយគ្នានោះ លោកក៏សូមថ្លែងអំណរគុណ ចំពោះមាតាបិតា លោកគ្រូ អ្នកគ្រូ ក្រុមការងារចុះជួយមូលដ្ឋាន និងបណ្តាលអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកផ្គត់ផ្គង់ ជំរុញលើកទឹកចិត្ត បង្ហាតបង្រៀនក្មួយៗទាំងអស់គ្នា រហូតទទួលបានជោគជ័យនាថ្ងៃនេះ។

លោក ម៉ៅ ធនិន បានក្រើនរំឮក ឱ្យក្មួយៗបន្តកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រតទៅទៀត ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត និងបានមករួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យើង ឱ្យកាន់តែរីកចម្រើន ក្រោមដំបូលសន្តិភាពដ៏រឹងមាំនេះ៕