(កណ្ដាល)៖ កម្លាំងសមត្ថកិច្ច បានសម្រេចចុះផ្អាកសកម្មភាព ការសង់រូបសំណាក «ព្រះសិអារ្យមេត្រី» នៅលើភ្នំស្អាង ស្ថិតនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ក្រោយរកឃើញថា ការសាងសង់ឡើងដោយខុសច្បាប់។ ការផ្អាកសកម្មភាពនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ការចុះផ្អាកសកម្មភាពការសង់រូបសំណាកដោយគ្មានច្បាប់អនុញ្ញាតនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំស្អាងភ្នំ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធផងដែរ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការសាងសង់នេះ គឺមានតែលិខិតពីមេឃុំតែប៉ុណ្ណោះ ប៉ុន្តែខាងគណៈកម្មការវត្ត និងព្រះសង្ឃមិនបានដឹងនោះទេ ហើយក៏មិនអនុញ្ញាតនោះឡើយ។

សូមរំលឹកថា រូបសំណាក «ព្រះសិអារ្យមេត្រី» ត្រូវបានបុគ្គលម្នាក់ ដែលគេអះអាងថា ជាមន្ដ្រីទាហានផងនោះ បាននិងកំពុងសាងសង់នៅលើភ្នំស្អាង ស្ថិតនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលត្រូវបានព្រះសង្ឃ និងពុទ្ធបរិសាទនៅទីនោះ មានសង្ឃដីកា និងអះអាងថា គ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ និងមន្ដ្រីជំនាញនោះឡើយ។

បុគ្គលរូបនេះ ត្រូវបានគេប្រាប់ថា ឈ្មោះ យ៉ែម រចនា និងដែលអះអាងថា ជាមន្ដ្រីយោធាផងនោះ បានប្រើកម្មករទៅសងរូបសំណាកទៅលើថ្មធម្មជាតិ ដែលដុះស្រាប់នៅលើភ្នំស្អាងជាយូរថ្ងៃមកហើយ ប៉ុន្ដែពុំមានអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចណាមួយចុះទៅសួរនាំដើម្បីធ្វើការទប់ស្កាត់នោះទេ។

ព័ត៌មានខាងលើនេះ ត្រូវបានទម្លាយចេញពីក្រុមការងារចុះពង្រឹងឃុំស្អាងភ្នំ ពេលដែលចុះទៅជួបជាមួយព្រះសង្ឃ និងពុទ្ធបរិសាទ ដើម្បីរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ នៅលើភ្នំស្អាង នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីក្រុមការងារចុះពង្រឹងឃុំស្អាងភ្នំ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នឹងសុំឲ្យជួយចុះផ្សាយពីបុគ្គលឈ្មោះ រចនា បាននិងកំពុងសង់រូបសំណាក «ព្រះសិអារ្យមេត្រី» នៅពីលើថ្មធម្មជាតិដ៏ធំមួយ ដែលបានដុះស្រាប់នៅលើភ្នំស្អាង ដោយគ្មានការអនុញ្ញាត ឬមានលិខិតណាមួយពីអាជ្ញាធរ ក៏ដូចជាមន្ដ្រីជំនាញនោះឡើយ៕