(ថៃ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី០៥-១០ ខែកញ្ញា ឆ្នាំ២០១៩ និងទទួលបាន លទ្ធផលដូចខាងក្រោម៖

* កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី១១៖ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១១ (11th CLMV Economic Ministers’ Meeting) ដឹកនាំដោយកម្ពុជា និងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូមកពីប្រទេស CLMV និងតំណាងអគ្គលេខាធិការអាស៊ាន។

* កិច្ចប្រជុំបានពិភាក្សា និងត្រួតពិនិត្យនូវវឌ្ឍនភាពការងារ ដែលសម្រេចបានកន្លងមក ក្រោមផែនការសកម្មភាព CLMV ឆ្នាំ២០១៧-២០១៨ និងផែនការសកម្មភាព ឆ្នាំ២០១៩-២០២០ ជាពិសេសគម្រោងពីរ ដែលបានអនុវត្តរួចហើយរួមមាន គម្រោងស្តីពី E-Tourism: An Innovative Approach to Tourism MSMEs in CLMV និងគម្រោងស្តីពី Assessment of Legal and Regulatory Frameworks on Electronic Commerce in Cambodia, Lao PDR, Myanmar and Viet Nam ព្រមទាំងបានពិនិត្យ និងឯកភាពលើក្របខណ្ឌអភិវឌ្ឍន៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Framework for CLMV Development) ដែលគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំនៃប្រទេស CLMV អនុម័តនៅឯកិច្ចប្រជុំកំពូល CLMV លើកទី១០ នៅដើមឆ្នាំ២០២០ខាងមុខនេះ នៅប្រទេសឡាវ។ ក្របខណ្ឌអភិវឌ្ឍន៍នេះ ផ្តោតសំខាន់លើសសរស្តម្ភចំនួនបី រួមមាន៖ ការតភ្ជាប់ (Connectivity) ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កត្តាលីស (Enablers) ដើម្បីទាក់ទាញកំលាំងពលកម្មជំនាញ និងវិនិយោគ និងវិស័យដែលមានឧត្តមភាព (Sectors with comparative advantages) ដោយផ្តោតសំខាន់លើកសិកម្ម អាហារ និងទេសចរណ៍។

* កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ កិច្ចប្រជុំនេះ បានត្រួតពិនិត្យលើវឌ្ឍនភាព នៃការចរចាបន្ទាប់ពីអន្តរកិច្ចប្រជុំរដ្ឋមន្រ្តីអាសិប លើកទី៨ នៅទីក្រុងប៉េកាំងកន្លងទៅ និងបានពិភាក្សាលើទិសដៅផែនការបញ្ចប់ការចរចាកិច្ចព្រមព្រៀងអាសិប នៅក្នុងឆ្នាំ២០១៩នេះ តាមអាណត្តិផ្តល់ឲ្យដោយប្រមុខដឹកនាំ នៃប្រទេសចរចាអាសិបទាំង១៦។
រដ្ឋមន្រ្តីអាសិបទាំងអស់ បានឯកភាពលើផែនការការងារចរចា និងកំណត់គោលដៅបញ្ចប់ការចរចា លើបញ្ហាបច្ចេកទេសទាំងលើអត្ថបទ និងការបើកច្រកទីផ្សារនៅកិច្ចប្រជុំនៅដាណាង សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីដាក់ជូនប្រមុខដឹកនាំកំពូលនៃប្រទេសទាំង១៦ ប្រកាសអំពីការបញ្ចប់ការចរចាជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០១៩ ស្របគ្នានឹងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- ជប៉ុន លើកទី២៥៖ កិច្ចពិគ្រោះយោបល់ជំរុញឲ្យបណ្តាប្រទេសជាសមាជិក ដែលពុំទាន់បានផ្តល់សច្ចាប័ន លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ពន្លឿននីតិវិធីផ្ទៃក្នុង ដើម្បីអាចអនុវត្តពិធីសារនេះបាន។ កិច្ចពិគ្រោះយោបល់ ក៏បានកត់សម្គាល់លើការអនុវត្តគម្រោងនានា ក្រោមគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មជប៉ុន (AMEICC) ជាពិសេសទាក់ទងសហប្រតិបត្តិការ ក្នុងវិស័យធុរកិច្ចឌីជីតាល់ ការគាំទ្រលើការបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពី ការផ្ទេរពីបញ្ជីអវិជ្ជមានទៅវិជ្ជមាន ក៏ដូចជាការវាយតម្លៃលើក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកក្នុងប្រទេស CLMV ជាដើម។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ក្រសួងពាណិជ្ជកម្មសាធារណរដ្ឋប្រជាមានិតចិន លើកទី១៨៖ រដ្ឋមន្រ្តីទាំងអស់ បានសម្តែងការកោតសរសើរ ចំពោះការគាំទ្ររបស់ចិន ក្នុងការលើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មអាស៊ាន តាមរយៈគម្រោងផ្សេងៗនៅក្នុងវិស័យហិរញ្ញវត្ថុ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ និងបានលើកទឹកចិត្ត ឲ្យមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបង្រួបបង្រួមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថីជាមួយនឹងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ដើម្បីពង្រឹងការកសាងសហគមន៍អាស៊ាន។ ទាក់ទងនឹងជំនួយឥតសំណងចំនួន៥០លានយន់ ផ្តល់ដោយប្រទេសចិនវិញ រដ្ឋមន្រ្តីទាំងអស់លើកទឹកចិត្ត ឲ្យមានការស្នើសុំគម្រោងបន្ថែមទៀតសម្រាប់ភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីទាញយកផលប្រយោជន៍ឲ្យបានច្រើន។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ហុងកុង សាធារណរដ្ឋប្រជាមានិតចិន លើកទី៣៖ រដ្ឋមន្រ្តីទាំងអស់ បានស្វាគមន៍ចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុងកុង និងសង្ឃឹមថាកិច្ចព្រមព្រៀងទាំងពីរ នឹងទទួលបានការផ្តល់សច្ចាប័នពេញលេញនៅចុងឆ្នាំ២០១៩។ រដ្ឋមន្ត្រីទាំងអស់ ក៏បានសម្តែងការកោតសរសើរចំពោះ វិភាគទានរបស់ភាគីហុងកុង ដែលមានចំនួន ២៥ លានដុល្លារហុងកុង ក្នុងរយៈពេល ៥ឆ្នាំ សម្រាប់កម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងលើកទឹកចិត្តឲ្យមានសំណើអនុវត្តគម្រោងពីអាស៊ាន និងហុងកុង ដើម្បីសម្របសម្រួលបន្ថែមទៀត ដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៦៖ រដ្ឋមន្រ្តីទាំងអស់ បានជំរុញឲ្យភាគី ដែលនៅសល់បញ្ចប់នីតិវិធីផ្ទេរតារាងកាត់បន្ថយពន្ធ AKFTA ទៅ HS ២០១៧ ឲ្យបានឆាប់តាមដែល អាចធ្វើទៅបាន និងបានកត់សម្គាល់ពីវឌ្ឍនភាព នៃការធ្វើសេរីភាវូបនីយកម្មបន្ថែមទៀត នៃផលិតផលវេទយិតក្រោមកិច្ចព្រមព្រៀង AKTIGA។ ក្នុងកិច្ចពិគ្រោះយោបល់នេះដែរ លោករដ្ឋមន្រ្តី ក៏បានធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាព នៃសកម្មភាពក្រោមកម្មវិធី TASK គាំទ្រដោយភាគីកូរ៉េនៅកម្ពុជា ក្នុងវិស័យកែច្នៃអាហារ។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ លើកទី២៤៖ រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ចំពោះផែនការ ការងាររបស់គណៈកម្មាធិការចម្រុះ FTA សម្រាប់ការចរចាលើការបង្កើន កម្រិតកិច្ចព្រមព្រៀង AANZFTA តាមរយៈការបង្កើតក្រុមការងារបន្ថែម ដើម្បីបន្តការងារពាក់ព័ន្ធ លើការបង្កើនកម្រិតនេះ។ រដ្ឋមន្រ្តីទាំងអស់ ក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចប្រជុំ RCEP នៅឆ្នាំ ២០១៩ ដូចដែលបានណែនាំដោយថ្នាក់ដឹកនាំ ដើម្បីសម្រេចបាននូវ RCEP ដែលទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផលប្រយោជន៍ទៅវិញទៅមក។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរចំពោះការគាំទ្រពីសហរដ្ឋអាមេរិក នៅក្នុងកម្មវិធីជំនួយបច្ចេកទេស ដូចជាកម្មវិធី IGNITE សម្រាប់សកម្មភាពក្រោមផែនការការងារ TIFA / E3។ រដ្ឋមន្រ្តីទាំងអស់ ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាព ក្នុងការអនុវត្តក្របខ័ណ្ឌការតភ្ជាប់អាមេរិក-អាស៊ាន ក្នុងវិស័យចំនួន ៤ រួមមាន ថាមពល នវានុវត្តន៍ គោលនយោបាយ និងធុរកិច្ច ជាពិសេសលើកម្មវិធី កម្មសិក្សាអាមេរិក-អាស៊ាន ដែលរំពឹងថានឹងពង្រីកទៅកាន់គ្រប់បណ្តាប្រទេសអាស៊ាន និងក្រុមហ៊ុនសហរដ្ឋអាមេរិកដែលធ្វើប្រតិបត្តិការនៅក្រៅតំបន់អាស៊ាន។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-បូកបីលើកទី២២៖ រដ្ឋមន្រ្តីទាំងអស់ បានកត់សម្គាល់ពីវឌ្ឍនភាពនៃសកម្មភាពដែលបានអនុវត្ត តាមរយៈកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ២០១៩-២០២០ ជាពិសេសលើការតភ្ជាប់ ការអភិវឌ្ឍ MSME និងកិច្ចសម្រួលពាណិជ្ជកម្ម និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់ដោយផ្អែក លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ រដ្ឋមន្រ្តីទាំងអស់ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះការបញ្ចប់កិច្ចចរចា RCEP នៅឆ្នាំ២០១៩។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី៨៖ រដ្ឋមន្រ្តីទាំងអស់បានកត់សម្គាល់វឌ្ឍនភាព នៃការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៊ីក្រោយឆ្នាំ២០១៧ លើវិស័យផ្សេងៗរួមទាំងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ សាធារណការ ថាមពល កសិកម្ម ទេសចរណ៍ -ល-។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក៏បានអនុម័តកម្មវិធីសហប្រតិបត្តិការរវាងអាស៊ាន និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី EEC។ ក្នុងនាមជាប្រទេសសម្របសម្រួល កម្ពុជាក៏បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពបច្ចុប្បន្ននៃគម្រោងនានា ដែលបានអនុវត្តក្រោមកម្មវិធីការងាររវាងអាស៊ាន និងរុស្ស៊ី។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី១៦៖ រដ្ឋមន្រ្តីទាំងអស់ បានឯកភាពលើការត្រួតពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ដើម្បីធ្វើឲ្យ AIFTA កាន់តែងាយស្រួល សាមញ្ញ និងជួយសម្រួលដល់ពាណិជ្ជកម្ម។ រដ្ឋមន្រ្តីទាំងអស់ ក៏បានស្វាគមន៍អនុសាសន៍របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ដូចជាការតភ្ជាប់ នវានុវត្តន៍ ការផ្តល់សិទ្ធិអំណាចដល់យុវជន និងស្ត្រី និងការអភិវឌ្ឍ MSMEs។

* កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី៨៖ រដ្ឋមន្រ្តីទាំងអស់ បានស្វាគមន៍ចំពោះការបញ្ចប់ការពិភាក្សា លើលទ្ធភាពនៃការបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (FTA) ហើយឯកភាពប្រគល់ភារកិច្ចឲ្យមន្ត្រីនៃភាគីតាំងពីរផ្លាស់ប្តូរយោបល់ លើជំហានបន្ទាប់ឆ្ពោះទៅរកលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀងនេះ។ រដ្ឋមន្រ្តីទាំងអស់ ក៏បានកោតសរសើរចំពោះ ការបន្តគាំទ្ររបស់កាណាដា ក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តាមរយៈជំនួយបច្ចេកទេសមួយចំនួនដែលរួមចំណែក ដល់ការកសាងសមត្ថភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព នៅក្នុងអាស៊ាន។

* កិច្ចប្រជុំទ្វេភាគីជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក៖ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដឹកនាំដោយឯកអគ្គរដ្ឋទូត Michael Michalak អនុប្រធានជាន់ខ្ពស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងបានជម្រាបពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងបរិយាកាសធុរកិច្ច នៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះផងដែរ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកឲ្យមានតំណាងនៅកម្ពុជា ដើម្បីជួយជំរុញសកម្មភាពធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំ ក៏បានពិភាក្សាអំពីផែនការរបស់ប្រទេសកម្ពុជា ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់ អភិបាលកិច្ចល្អ និងការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមផងដែរ។

* កិច្ចប្រជុំទ្វេភាគីជាមួយរុស្ស៊ី៖ លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូរុស្ស៊ី អំពីបរិយាកាសវិនិយោគ និងលក្ខខណ្ឌអនុគ្រោះជាច្រើន សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនបរទេសនៅកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាលើវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ របស់មន្រ្តីជាន់ខ្ពស់កម្ពុជានាខែតុលា ដែលផ្តោតសំខាន់លើការវិនិយោគ ក៏ដូចជាការចូលជាសមាជិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម EAEU៕