(ភ្នំពេញ)៖ ក្រុមជនសង្ស័យជនជាតិចិនមួយក្រុម បានវាយដំបុរសជនជាតិម្នាក់បណ្តាលឲ្យរងរបួសធ្ងន់បាក់ក្តោងច្រមុះ និងប៉ោងភ្នែកឆ្វេង រួចចាប់រុញបញ្ចូលក្នុងរថយន្ត តែត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ តាមបង្ក្រាបបាន។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា ហេតុការណ៍ខាងលើ បានកើតឡើងកាលវេលាម៉ោង ១៥៖០០ ថ្ងៃទី១០ ខែកញ្ញា ២០១៩ម្សិលមិញ ចំណុចមុខផ្ទះសំណាក់ដំរីធំ ស្ថិតភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យរួមមាន ទី១៖ ឈ្មោះ XU YoanYoan ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរធ្វើនៅកាស៊ីណូ, ទី២៖ ឈ្មោះ Zhan Bin ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ, ទី៣៖ ឈ្មោះ Zhuqing Wu ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការក្រុមហ៊ុន និងទី៤៖ ឈ្មោះ Zhan Liming អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ។

ចំណែកឯជនរងគ្រោះឈ្មោះ Chi Fuming ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ខាយសាន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់បាក់ក្តោងច្រមុះ ប៉ោងភ្នែកឆ្វេង បែកមាត់ចេញឈាម។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្នបន្តតាមនិតិវិធី៕