(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលសាខាខេត្ត នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសហការជាមួយក្រុមការងារ រថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល និងចូលរួមមន្ត្រី ពាណិជ្ជកម្មខេត្តចុះពិនិត្យ និងស្វែងរកមុខម្ហូបទំនិញ ណាដែរបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងតាមផ្សារត្រី ផ្សារអគ្គៈថ្មី ក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា លោកសោកស្តាយយ៉ាងខ្លាំង ដែលប្រទះឃើញអាជីវករយើង មិនបានគិតថា អ្វីប៉ះពាល់ដល់សុខមាភាព សុខភាពរបស់មនុស្សគ្រប់រូប តើគាត់យ៉ាងណា? តើខ្លួនគាត់ទទួលទានទេ? តើលុយអាចយកទៅទិញសុខភាពបានទេ? កុំគិតថា ថវិកាសំខាន់ដោយគ្មានការគិតថា អ្វីប៉ះពាល់ដល់សុខភាពរបស់មនុស្ស។

លោកបន្តថា ព្រឹកនេះ លោកបានប្រទះឃើញមានលត និងបាញ់ដុប ដាក់លក់នៅលើទីផ្សារ ក្នុងផ្សារត្រីក្រុងប៉ោយប៉ែត មានផ្ទុកសារធាតុគីមីបរ៉ាក់ (ទឹកអន្សា) ដែលបង្កឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរនាពេលអនាគត ទោះបីជា វាមិនបង្កឲ្យប៉ះពាល់ សុខភាពភ្លាមៗក៏ដោយ។ ក្នុងនោះ បានរកឃើញមានបន្លែខាត់ណា នាំយកពីប្រទេសថៃ មានផ្ទុកសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត ដែលបង្កឲ្យប៉ះពាល់ ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោកបានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ សម្ពាធឈាមធ្លាក់ចុះខ្លាំង ធ្វើឲ្យចុះខ្សោយប្រព័ន្ធប្រសៃប្រាសាទកណ្តាល បំពងខ្សល់សួតត្បៀតតូច នាំឲ្យពិបាកដកដង្ហើមឫកើតហឺត នាំឲ្យរលាកក្រពះ រលាកប្រព័ន្ធឈាមរត់ នាំឲ្យហើមខ្លួន ស្បែកឡើងក្រហម និងមានរមាស់ចាក់ឡើងឆៀបៗ។

បើតាមការបញ្ជាក់ ពីក្រុមការងាររថយន្តមន្ទីរពិសោធន៍ចល័ត បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋម ដើម្បីរកសារធាតុឃាត់ ក្នុងចំណោមបន្លែត្រីសាច់ និងម្ហូបអាហារ ចំនួន៥៦មុខ ជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញថា មាន៣មុខ គឺបាញ់ដុប លត និងបន្លែងខាត់ណា គឺមានសារធាតុហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន៕